ប្រទេសឥណ្ឌូណេស៊ីបង្កើតច្រករបៀងធ្វើដំណើរជាមួយប្រទេសចិន និងអារ៉ាប់រួម

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០​ — ប្រទេសឥណ្ឌូណេស៊ីមានបំណងបង្កើតច្រករបៀងធ្វើដំណើរជាមួយប្រទេសចិន និង អេមីរ៉ាតអារ៉ាប់-រួម ដើម្បីជួយរកសកម្មភាពអាជីវកម្មដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩ ។

ក្នុងអំឡុងពេលនៃការប្រជុំនិម្មិតមួយ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi និងសមភាគីចិន លោក វ៉ាង យី បានពិភាក្សាអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយដើម្បីបង្កើតច្រករបៀងធ្វើដំណើរដែលត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ។

សកម្មភាពធ្វើដំណើរសំខាន់ៗស្របតាមពិធីសារសុខាភិបាលត្រូវបានគេរំពឹងថា នឹងជំរុញសកម្មភាពសេដ្ឋកិច្ចប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។

នៅពេលមុននេះ ឥណ្ឌូណេស៊ីនិងអេមីរ៉ាតអារ៉ាប់រួមបានព្រមព្រៀងបង្កើតច្រករបៀងធ្វើដំណើរដោយសុវត្ថិភាពបណ្តោះអាសន្នមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររវាងប្រទេសទាំងពីរសម្រាប់អាជីវកម្ម និងពាណិជ្ជកម្ម ការទូត និងគោលបំណងផ្លូវការ។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ច។

បច្ចុប្បន្ននេះ អេមីរ៉ាតអារ៉ាប់រួម គឺជាវិនិយោគិនធំជាងគេនៅមជ្ឈិមបូព៌ារបស់ប្រទេសនេះ បន្ទាប់ពីបានសន្យាថា នឹងចំណាយទឹកប្រាក់ចំនួន ៦,៨ប៊ីលានដុល្លារអាមេរិកទៅក្នុងគម្រោងមួយចំនួន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក Jokowi ទៅកាន់រដ្ឋធានីអាប៊ូដាប៊ី កាលពីខែមករា។

ក្រៅពីប្រទេសចិននិងអេមីរ៉ាតអារ៉ាប់រួម ឥណ្ឌូណេស៊ីកំពុងចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងជាមួយសាធារណរដ្ឋកូរ៉េ និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)