ក្រុមប្រឹក្សាភិបាលថាមពលដាណឺម៉ាក ៖ គម្រោង Nord Stream 2 អាចបន្តការសាងសង់ទៀតបាន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាភិបាលថាមពលដាណឺម៉ាកបានបញ្ជាក់ថា ការសាងសង់បំពង់បង្ហូរ ឧស្ម័នគម្រោង Nord Stream 2 អាចបន្តទៅមុខទៀតបានដោយមិនមាននរណាម្នាក់បានប្តឹងឧទ្ធរណ៍នូវការសម្រេចចិត្តរបស់ទីក្រុង Copenhagen ដែលអនុញ្ញាតឱ្យប្រើនាវាយុថ្កាសម្រាប់ការងារនេះទេ។

ក្រុមប្រឹក្សាភិបាលនេះបាននិយាយថា ខ្លួនមិនត្រូវបានគេដាក់ញត្តិប្រឆាំងនឹងសេចក្តីសម្រេចដែលធ្វើឡើងកាលខែកក្កដាដោយទីភ្នាក់ងារថាមពលដាណឺម៉ាក ដើម្បីអនុញ្ញាតឱ្យគម្រោង Nord Stream 2 AG ប្រើប្រាស់នាវាដាក់បំពង់ជាមួយយុថ្កានៅក្នុងដែនទឹករបស់ប្រទេសនេះនោះទេ។ ក្រុមប្រឹក្សានេះបានឱ្យដឹងថា ក្រុមហ៊ុននេះអាចបន្តការសាងសង់ចាប់ពីថ្ងៃនេះបាន។

កាលពីមុន ទីក្រុង Copenhagen បានបញ្ជាក់ថា ផ្លូវបំពង់បង្ហូរប្រេងនេះ គឺស្ថិតនៅក្រៅតំបន់ដែលអាចប្រឈមនឹងអាវុធគីមី សម័យសង្រ្គាមលោកលើកទីពីរ ( WWII ) ដែលត្រូវបានកប់នៅបាតសមុទ្រ បាល់ទិក។

បំពង់បង្ហូរប្រេងនេះដែលមានតម្លៃ ៩,៥ប៊ីលានផោន ដែលមានប្រវែង ១.២៣០គីឡូម៉ែត្រ (ឬ ៧១៥ម៉ាយ) ត្រូវបានរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកកាលពីខែធ្នូ ឆ្នាំ ២០១៩ ក្រោមច្បាប់ស្តីពី ការផ្តល់សិទ្ធិការពារជាតិឆ្នាំ ២០២០ របស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យក្រុមហ៊ុនបំពង់ស្វ៊ីស Allseas បញ្ឈប់គម្រោងសាងសង់បំពង់បង្ហូរប្រេងនេះដែលនៅសល់តែ  ១០០ម៉ាយល៍ទៀតប៉ុណ្ណោះ។ ឥឡូវនេះ រុស្ស៊ីកំពុងបញ្ចប់ការសាងសង់បំពង់បង្ហូរប្រេងនេះដោយខ្លួនឯង។

ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនបានលើកឡើងពីក្តីបារម្ភផ្នែកសន្តិសុខ ចំពោះទណ្ឌកម្មរបស់ខ្លួន ទាំងរុស្ស៊ី និងអាល្លឺម៉ង់ ដែលពាក់ព័ន្ធនឹងគម្រោងនេះបានសង្កត់ធ្ងន់ថា វាជាឧទាហរណ៍នៃការប្រកួតប្រជែងដ៏អយុត្តិធម៌ដែលផ្ទុយនឹងច្បាប់អន្តរជាតិ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)