ប្រទេសហ្វីលីពីនបិទផ្នែកខ្លះឡើងវិញទៅលើកោះ Luzon ចំពេលមានការកើនឡើងនៃជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០​ — ប្រជាជនជាង ២៧លាននាក់នៅកោះ Luzon របស់ហ្វីលីពីន រួមទាំងរដ្ឋធានីម៉ានីលផង បានវិល ត្រឡប់ទៅរកការបិទសារជាថ្មីសម្រាប់រយៈពេលប៉ុន្មានសប្តាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី ៤ ខែសីហា។

ប្រជាជននៅទីនោះត្រូវបានគេប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះ ប្រសិនបើពួកគេមិនចាំបាច់ចេញទៅក្រៅសម្រាប់ទិញរបស់របរចាំបាច់ ការធ្វើលំហាត់ប្រាណ ឬធ្វើការងារ ចាប់តាំងពីប្រទេសហ្វីលីពីនបានក្លាយជាចំណុចក្តៅថ្មីនៃការឆ្លងមេរោគកូរ៉ូណាវីរុសនៅអាស៊ី ដែលមានចំនួននៃការឆ្លងបានកើនឡើងដល់ជាង ១០០.០០០នាក់ហើយ។

ជាមួយនឹងការជូនដំណឹង ២៤ម៉ោងនៃការបិទនេះ មនុស្សជាច្រើនបានជាប់គាំងនៅក្នុងទីក្រុងម៉ានីល ហើយមិនអាចវិលត្រឡប់ទៅស្រុកកំណើតវិញបាន បន្ទាប់ពីការដឹកជញ្ជូនសាធារណៈ និងជើងហោះហើរក្នុងស្រុកត្រូវបានបិទ។

រថភ្លើង រថយន្ដក្រុង និងរថយន្ដសាធារណៈផ្សេងៗទៀតបានឈប់នៅតាមដងផ្លូវសំខាន់ៗនៅក្នុងប្រទេសហ្វីលីពីន ហើយប៉ូលីសក៏កំពុងត្រួតពិនិត្យប៉ុស្តិ៍ត្រួតពិនិត្យបុគ្គលិក ដើម្បីរឹតត្បិតការធ្វើដំណើរសាធារណៈ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)