ទីក្រុងប៉េកាំងត្រៀមខ្លួនសងសឹក ប្រសិនបើអ្នកសារព័ត៌មានចិន ទាំងអស់ត្រូវបានបង្ខំឱ្យចាកចេញពីសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ លោក Hu Xijin និពន្ធនាយកកាសែតផ្លូវការរបស់ប្រទេសចិនបានប្រាក់ទីភ្នាក់ងារសារព័ត៌មាន Global Times ថា ប្រទេសចិនបានត្រៀមខ្លួនសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុតដែលក្នុងនោះអ្នកកាសែតចិនទាំងអស់នឹងត្រូវចាកចេញពីសហរដ្ឋអាមេរិក ហើយបានត្រៀមខ្លួននឹងចាត់វិធានការសងសឹកទាក់ទងនឹងអ្នកកាសែតអាម៉េរិកដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។

លោក Hu បានសរសេរនៅលើបណ្តាញសង្គម Twitter ថា  «តាមអ្វីដែលខ្ញុំដឹង ដោយសារភាគីអាម៉េរិកមិនបានផ្តល់ទិដ្ឋាកាដល់អ្នកកាសែតចិនជាថ្មី ភាគីចិនបានរៀបចំនូវសេណារីយ៉ូដ៏អាក្រក់បំផុតឆ្លើយតបទៅនឹងបញ្ហាដែលអ្នកកាសែតចិនទាំងអស់ត្រូវចាកចេញពីសហរដ្ឋអាមេរិក។ ប្រសិនបើមានករណីនេះមែន នោះភាគីចិននឹងសងសឹកវិញ។ រួមទាំងគោលដៅអ្នកសារព័ត៌មានអាម៉េរិកដែលមានមូលដ្ឋាននៅទីក្រុងហុងកុងផងដែរ»។

ក្រសួងការបរទេសចិនបាននិយាយកាលពីខែមីនាថា អ្នកសារព័ត៌មានមកពីការិយាល័យសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាកាសែត New York Times កាសែត The Wall Street និងកាសែត Washington Post ត្រូវប្រគល់លិខិតសម្គាល់របស់ពួកគេជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយបុគ្គលិកនៃបណ្តាញសារព័ត៌មានចិននៅក្នុងសហរដ្ឋអាមេរិក។

សម្មភាពនេះបានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចាត់តាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនមួយចំនួនថា ជាបេសកកម្មការបរទេសកាលពីក្នុងខែកុម្ភៈ។ ប្រការនេះនាំឱ្យមានការចាកចេញពីអ្នកកាសែតចិនប្រមាណ ៦០នាក់។ ទីក្រុងវ៉ាស៊ីនតោនក៏បានតម្រូវឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះជូនដំណឹងដល់ក្រសួងការបរទេសអំពីបុគ្គលិកបច្ចុប្បន្ន និងការកាន់កាប់អចលនទ្រព្យនៅសហរដ្ឋអាមេរិកផងដែរ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)