សង្គមស៊ីវិលស្នើសភាជំរុញរាជរដ្ឋាភិបាលបញ្ចប់សេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី

MC:  សង្គមស៊ីវិល ស្នើសភាជួយជំរុញរាជរដ្ឋាភិបាលពន្លឿនការបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបាន ព័ត៌មាន ដើម្បីលើកកម្ពស់ក្នុងសង្គមប្រជាធិបតេយ្យ ពិសេសលើកកម្ពស់សិទ្ធិបញ្ចេញមតិ និងទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។

លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ គួរត្រូវបានបញ្ចប់រួចរាល់ និងឆ្លងកាត់ការអនុម័តពីគណៈរដ្ឋមន្ត្រី និងសភានៅតឹ្រមដំណាច់ឆ្នាំ២០២០នេះ ដើម្បីឱ្យសាធារណជនទូទៅទទួលបានព័ត៌មាន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍នានាមានដូចជា៖ ការអប់រំ កិច្ចការសង្គម សេដ្ឋកិច្ចជាតិ នយោបាយ វប្បធម៌ ផែនការនិងថវិកាសម្រាប់ការអភិវឌ្ឍតាមវិស័យ ជាដើម។

លោក ឡាំ សុជាតិ បញ្ជាក់ថា ក្រុមការងាររបស់លោកបានចូលជួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីជួយជំរុញដល់រាជរដ្ឋាភិបាលបញ្ចប់ នូវសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដោយឱ្យក្រសួងព័ត៌មានបញ្ចប់នូវការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យចប់រួចរាល់ក្នុងឆ្នាំនេះ ដើម្បីដាក់ឆ្លងសុំការអនុម័តពីសភា។

បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យបន្ថែមនាពេលដ៏ខ្លីខាងមុខនេះ។

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានក្រុមអ្នកច្បាប់រៀបចំឡើង ដោយមាន១០ជំពួក និង៣៦មាត្រា ក្នុងគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលបានព័ត៌មាន ក៏ដូចជាធានាឱ្យមានការចូលរួមពីសាធារណជន ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងកិច្ចការវប្បធម៌របស់ជាតិ ជាដើម។

សេចក្តីព្រាងច្បាប់នេះ ក៏មានចែងពីភារកិច្ចដែលស្ថាប័នសាធារណៈនានាត្រូវផ្តល់ និងធ្វើ ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈឱ្យបានទូលំទូលាយ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា១៦ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស៕