គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស៣នាក់ និងរបួស ៥នាក់កាលពីថ្ងៃទី៤ ខែសីហា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៤ ខែសីហា បានសម្លាប់មនុស្ស ៥នាក់ និងរបួស ៨នាក់។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៧លើក ក្នុងនោះបណ្តាលឲ្យមានអ្នកស្លាប់ ៥នាក់ របួសធ្ងន់ ៤នាក់ និងរបួសស្រាល ៤នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ និងកត្តាយាន ដែលនាំឲ្យខូចខាត ម៉ូតូ ៩គ្រឿង រថយន្តធុនតូច ៣គ្រឿង រថយន្តធុនធំ ១គ្រឿង ថ្មើរជើង ៣នាក់។

ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕