រដ្ឋមន្រ្តីក្រសួងព័ត៌មានណែនាំឲ្យអ្នកសារព័ត៌មានគោរពវិជ្ជាជីវៈនិងច្បាប់

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

MC៖រដ្ឋមន្រ្តីក្រសួងព័ត៌មានបានណែនាំឲ្យអ្នកសារព័ត៌មាន ប្រកបតាមវិជ្ជាជីវៈនិងត្រូវចេះពីច្បាប់ផងដែរ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ ជៀសវាងផ្សព្វផ្សាយព័ត៌មានបំពានសិទ្ធិអ្នកដ៏ទៃនាំអោយមានការប្តឹងផ្តល់ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សព្វថ្ងៃនេះក្រសួងព័ត៌មាន មានការបណ្តុះបណ្តាលដល់សារព័ត៌មានជាពិសេសទាក់ទងនឹងផ្លូវច្បាប់ ដើម្បីធ្វើយ៉ាងណាផ្សព្វ ផ្សាយព័ត៌មានច្បាស់លាស់ ត្រឹមត្រូវ សម្រាប់ផ្តល់ជាប្រយោជន៍ដល់សង្គម ជៀសវាងការផ្សព្វផ្សាយប៉ះ ពាល់ដល់សិទ្ធិបុគ្គលដែលអាចឈានទៅមានការប្តឹងផ្តល់គ្នា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វេទិកាពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ដ នៅព្រឹកថ្ងៃទី ០៤ ខែ សីហា នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបន្តថា បច្ចុប្បន្នក្រសួងព័ត៌មាន មានយន្តការការពាររឿងក្តីអ្នកសារព័ត៌មានណា ដែលមានច្បាប់ត្រឹមត្រូវ និងគោរពតាមវិជ្ជាជីវៈប៉ុណ្ណោះ ចំណែកសារព័ត៌មាន មិនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់និងតាមវិជ្ជាជីវៈ ក្រសួងព័ត៌មានមិនជួយការពាក្តីនោះទេ ។

ឯកឧត្តមបន្ថែមថា ក្នុងករណីដែលអ្នកសារព័ត៌មាន គ្រាន់តែមានទូរស័ព្ទអាចឡាយ ឬថតផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុក គ្មានការចុះបញ្ជីត្រឹមត្រូវ ហើយតាំងខ្លួនជាអ្នកសារព័ត៌មាន និងគំរាមកំហែងគេទារប្រាក់នោះ ពេលជួបបញ្ហាប្តឹងផ្តល់ ក្រសួងនឹងមិនផ្តល់ក្រុមមេធាវីការពារក្តីជូនឡើយ ។

សំឡេង«ឥលូវនេះយើងបណ្តុះបណ្តាលតាំងពីច្បាប់ដើម្បីឲ្យអ្នកការសែតយល់ ព្រោះមិនមែនដឹងតែសរសេរមួយគ្រប់គ្រាន់ទេកន្លងមកសម្តេចតេជោនាយករដ្ឋមន្រ្តី បានឲ្យមានក្រុមមេធាវីរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី សម្រាប់ជួយអ្នកការសែត ។ ប៉ុន្តែគាត់មិនជួយអីបានខ្លះព្រោះគាត់មិនដឹងការងារយើងបានអស់ ដូច្នេះការស្វែងយល់គ្នាជាការសំខាន់ ប៉ុន្តែនេះបង្ហាញពីការទុកចិត្ត ការយកចិត្តទុកដាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីបើកអ្នកការសែត មានគេធ្វើបាប រំខាន ក្នុងការងារ គឺយើងអាចមានមេធាវីជួយបាននេះគឺជាការងារសំខាន់ ។ ឥលូវនេះក្រសួងមានដូសស្យេ បួន ប្រាំ ប៉ុន្តែសុំមួយក្រសួងអត់ជួយទេទៅជំរិតគេទារប្រាក់ក្រសួងអត់ជួយហ្មង ប៉ុន្តែជួនកាលអ្នកខ្លះទៀតគាត់មានកំហុសមានទោសដែរ មានពេលខ្លះយើងអាចប្រឹងប្រែងជួយសម្រាលទោសគាត់ យើងអាចជួយបាន នេះជាការងារយើងត្រូវគិតគូរអំពីការងារនេះ » ។

សូមបញ្ជាក់ថា កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែនបានថ្លែងថាក្រុមមេធាវីស្ម័គ្រចិត្ដសម្ដេចតេជោសែនបាន យល់ព្រមតាមការកំណត់ក្នុងការការពារក្តីដល់អ្នកសារព័ត៌មាន ប៉ុន្ដែការពារតែរឿងក្តីអ្នកសារព័ត៌មានណា ដែលគោរពតាមវិជ្ជាជីវៈ ហើយចំពោះអ្នកសារព័ត៌មានមិនគោរពវិជ្ជាជីវៈ ឬមិនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ មេធាវី មិនជួយការពាក្តីនោះទេ ៕