ប្រជាពលរដ្ឋក្រីក្រជាង៦១ម៉ឺនគ្រួសារកំពុងបើកប្រាក់ឧបត្ថម្ភជុំទី២ពីរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា៖
MC:ប្រជាពលរក្រីក្រចំនួនជាង៦១ម៉ឺនគ្រួសារកំពុងបើកប្រាក់ឧបត្ថម្ភជុំទី២ពីរាជរដ្ឋាភិបាលដើម្បីជួយដោះ ស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ក្នុងស្ថានភាពកំពុងរាតត្បាតពីជំងឺកូវីដ១៩។

ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការបានមានប្រសាសន៍ថា គ្រួសារក្រីក្របានចាប់ផ្តើម ចេញទៅបើកប្រាក់​ឧបត្ថម្ភជុំទី២ ចាប់តំាងពីដើមខែសីហាមកម្លេះ ខណៈប្រជាពលរដ្ឋក្រីក្រជា​មុខ​សញ្ញា​ទទួលបាន​ប្រាក់ឧបត្ថម្ភ​​ដំណាក់កាលទី២នេះមានរហូតដល់ជាង៦១ម៉ឺនគ្រួសារ ។

ឯកឧត្តមបញ្ជាក់ថា ក្នុងចំណោមគ្រួសារក្រីក្រទំាង៦១គ្រួសារនេះគឺមានគ្រួសារក្រីក្រកម្រិត១មានចំនួន២៣៣,៥៧៥គ្រួសារ គ្រួសារក្រីក្រកម្រិត២មានចំនួន ៣៧៩,៩៩០។

ឯកឧត្តមបានបន្តថា ការរកឃើញនៅចំនួនគ្រួសារក្រីក្រក្នុងដំណាក់កាលទី២នេះ គឺមានភាពសុក្រិត តម្លាភាព និងត្រឹមត្រូវ ដើម្បីធានាដល់ការរាប់រងដល់គ្រួសារក្រីក្របានពិតប្រាកដ ។
សំឡេង៖ « ចំពោះស្ថានភាពទូទៅវិញប្រជាជនភាគច្រើនគាត់សប្បាយចិត្តហើយគាត់បាន​ថ្លែងអំណរគុណ​ដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោគឺបានគិតគូរសុខទុក្ខរបស់ពួកគាត់និយាយជារួមទៅថវិការនឹងបានជួយសម្រួលជីវភាពរបស់ពួកគាត់ឲ្យមានលំនឹងដែលអាចឲ្យគាត់ទៅរកការងារបន្ថែមទៀត ដើម្បីឲ្យមានជីវភាពប្រសើរឡើង»។
ឯកឧត្តមក៏បានស្នើសុំប្រជាពលរដ្ឋដែលមានជីវភាពប្រសើរហើយ មេត្តាយោគយល់ កុំឲ្យមានការច្រណែន និងសាទរ ផ្តល់ឱកាសក៏ដូចជាចូលរួមចំណែកជួយដល់គ្រួសារដែលក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ជួយសម្រួលដោះស្រាយជីវភាពក្នុងគ្រាលំបាកនេះ។
យោងតាមអនុក្រឹត្យ ប្រាក់ឧបត្ថម្ភនេះ ត្រូវផ្តល់ជូនក្នុងមួយខែមានចន្លោះពី១៦,០០០រៀល ទៅដល់ ១២០,០០០រៀលនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស ៕