រដ្ឋបាលខេត្តកោះកុងបដិសេធមិនទទួលស្គាល់ការលក់-ទិញដីធ្លីតំបន់ការពារធម្មជាតិ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
ភ្នំពេញ៖រដ្ឋបាលខេត្តកោះកុង បានប្រកាសបដិសេធមិនទទួលស្គាល់ការ លក់-ទិញដីធ្លី ដែលស្ថិតតំបន់ការពារធម្មជាតិ ដោយអះអាងថា ជាការទន្រ្ទាន់ខុសច្បាប់។
រដ្ឋបាលខេត្តកោះកុងបញ្ជាក់ថា ការទិញ-លក់ដីធ្លីដោយមិនមានការចូលរួមចុះពិនិត្យ វាស់វែងត្រឹមត្រូវ របស់មន្ត្រីពាក់ព័ន្ធ និងមន្ត្រីភូមិបាល នៃរដ្ឋបាលក្រុង ស្រុកដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញ គឺជាទង្វើខុសច្បាប់ ។
ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ នៅតាមបណ្តាភូមិ ឃុំមួយចំនួន ជាពិសេសនៅក្នុងស្រុកបូទុមសាគរ ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងនៅតាមតំបន់មួយចំនួនទៀត មានការទិញ-លក់ ដីស្ថិតក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ តំបន់ដីសម្បទានសេដ្ឋកិច្ច ដីវិនិយោគ ដីឯកជន ដីសម្បទានសង្គមកិច្ច និងដីក្នុងគម្របព្រៃឈើយ៉ាងអណាធិបតេយ្យ ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានសង្កត់ធ្ងន់ដោយនឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវរាល់ការលក់-ទិញដីធ្លីទាំងអស់ ដែល ពុំមានលក្ខណ:ត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់ ។
សេចក្តីជូនដំណឹងនេះ បានណែនាំដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការលក់-ទិញដីធ្លីទាំងនោះ ដើម្បីចៀសវាងនូវទង្វើខុសច្បាប់ និងការខាតបង់ប្រយោជន៍ថវិកាឥតប្រយោជន៍៕