ក្រសួងព័ត៌មានបន្តគាំទ្រដំណើរការផ្សព្វផ្សាយស្តីពីវឌ្ឍនភាពការងាររបស់ក្រសួងស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត

វិទ្យុជាតិកម្ពុជា៖ លោកស៊ុន សំនៀង

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្រដំណើរការផ្សព្វផ្សាយស្តីពីវឌ្ឍនភាពការងាររបស់ក្រសួងស្ថាប័ន​និងរដ្ឋបាលរាជធានីខេត្ត តាមរយៈការធ្វើសន្និសីទសារព័ត៌មាន​នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ដើម្បី​​អោយប្រជាពលរដ្ឋបានដឹងពីដំណើរការអភិវឌ្ឍគ្រប់វិស័យកាន់តែទូលំទូលាយ។

ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសូងព័ត៌មានបានឯកភាពឱ្យអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ដ​ដំណើរការរៀប​ចំធ្វើសន្និសីទសារព័ត៌មានរបស់ខ្លួន ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានទាំងនៅថ្នាក់ជាតិ និងក្រោមជាតិកាន់តែខិតកៀកទៅនឹងប្រជាពលរដ្ឋ។

ឯកឧត្តមបន្ដថា សកម្មភាពនេះ មានទិសដៅក្ដោបក្ដាប់ និងគ្រប់គ្រងមតិសាធារណៈ ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាព រវាងប្រជាពលរដ្ឋចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ដោយការប្រើប្រាស់មធ្យោបាយ​ផ្សព្វផ្សាយពន្យល់ជាប្រចាំ ដើម្បីបង្ហាញឱ្យសាធារណជនបានឃើញ និងយល់កាន់តែច្បាស់​ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា ការបន្ដវេទិកាពិភាក្សាវាយតម្លៃសកម្មភាព សន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងាររបស់​ក្រសួងស្ថាប័ន និងរដ្ឋបាល រាជធានីខេត្ត គឺជាការបង្ហាញនូវភាពកក់ក្ដៅ និងការលើកទឹកចិត្តយ៉ាងក្លៀវក្លា បន្ដពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយប្ដេជ្ញាយ៉ាងមុះមុត ចូលរួមចំណែកលើវិស័យ​​ព័ត៌មានក្នុងកិច្ចការពារសន្ដិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ។

ឯកឧត្តម បានបញ្ជាក់ថា កិច្ចការនេះជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តនយោបាយកែទម្រង់មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសន្និសីទសារព័ត៌​​មានសាមញ្ញ(តាមគម្រោងផែនការ) ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់រដ្ឋបាលរាជធានី ខេត្តទាំង២៥ ជាបន្ដបន្ទាប់ចំនួន ២៥លើក និងវិសាមញ្ញ (បច្ចុប្បន្នភាព តបនឹងព្រឹតិ្តការណ៍ជាក់ស្តែង រយៈពេល៧ខែកន្លងមក) ចំនួន ១លើក ។ សរុបជារួមគិតត្រឹមរយៈពេល ៧ខែ ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មាន ចំនួន ៦៣វេទិកា ៕