មន្ទីរសុខាភិបាលខេត្តសៀមរាបបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងាខេត្តសៀមរាប

MC.មន្ទីរសុខាភិបាលខេត្តសៀមរាបបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ខណៈដែលជំងឺគ្រុនឈីកនេះ បានចាប់ផ្តើមកើតមានឡើងនៅក្នុងខែ កក្កដា ឆ្នាំ២០២០ ហើយរហូតមកដល់ពេលនេះនៅក្នុងខេត្តសៀមរាប មានអ្នកកើតជំងឺនេះមានចំនួន១០២៤នាក់។

លោក ប៊ូ សារិន ប្រធានកម្មវិធីគ្រុនឈាម និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀម​រាបបាន​ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះថា នៅក្នុងខេត្តសៀម​រាបជំងឺ​គ្រុនឈីកបានកើតឡើងទូទាំងខេត្ត ប៉ុន្តែក្នុងនោះមានក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក និងស្រុកជីក្រែង មានអត្រាកើតខ្ពស់ជាងគេ ។

លោកបានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ មន្ត្រីជំនាញបានចុះដាក់ថ្នាំអាបែត​នៅគ្រប់ស្រុក​ទាំងអស់ទូទាំងខេត្តចំនួនជាង២០តោន ហើយបច្ចុប្បន្ននេះក៏បានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺ នៅតាមតំបន់ដែលរងគ្រោះខ្លាំងជាងគេ។

សំឡេង៖ជំងឺគ្រុនឈីកនេះវាបង្ករឡើងដោយមូសខ្លា ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយសត្វមូស ក្នុងខេត្តសៀមរាបមានការចម្លងទូទាំងខេត្តតែក្រុងសៀមរាប ស្រុកប្រាសាទបាគង ពួក និងជីក្រែងមាន​អត្រាខ្ពស់ជាងគេ ដល់ថ្ងៃនេះយើងធ្វើយុទ្ធនាការដាក់អាប៊ែតគ្រប់ស្រុកទាំងអស់ ចំណាយអាប៊ែតអស់ជាង២០តោន បន្ទាប់មកយើងកំពុងធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លង នៅតាមតំបន់ដែលរងគ្រោះខ្លាំង ឥឡូវកំពុងបាញ់ក្នុងក្រុងសៀមរាប និងបន្តទៅតាមស្រុកគោលដៅដែលរងគ្រោះច្រើនជាងគេ និងបន្តរហូតដល់ចប់ការងារហ្នឹង។

លោកប៊ូ សារិន ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវគេងក្នុងមុងជាប្រចាំ ហើយត្រូវលុបបំបាត់វត្ថុដែលអាចដក់ទឹកទាំងអស់ដូចជា សំបកកង់ ម៉ូតូ ឡាន ពាងឬអាងទឹកត្រូវតែគ្រប កុំឲ្យមូលខ្លាអាចបង្កកំណើតបាន ជាពិសេសដាក់អាបែតដែលមន្រ្តីសុខាភិបាលចែកជូនឲ្យបានត្រឹមត្រូវ បើសិនជាសង្ស័យកើតជំងឺគ្រុនឈីកសូមបញ្ជូនកូនឬអ្នកជំងឺទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិតដើម្បីឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យនិងព្យាបាលជាបន្ទាន់កុំអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។
គួរជម្រាបថា ចំពោះរោគសញ្ញាដំបូងនៃជំងឺគ្រុនឈីក មានក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺតាមសន្លាក់ដៃជើង និងសញ្ញារួមផ្សំខ្លះទៀតដូចជា រួមរឹតខ្លួនប្រាណ ក្អួត ឡើងកន្ទួលក្រហមអុចៗនៅលើស្បែកជាដើម។ ជាមួយគ្នានេះគិតចាប់ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នំា២០២០នេះ តួរលេខសរុបចំពោះអ្នកជំងឺគ្រុនឈីកក្នុងខេត្តសៀមរាបទាំងអស់មាន១០២៤នាក់ដែលកំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល៕