វ៉ាក់សាំងជំងឺកូវីដ-១៩​ របស់រុស្ស៊ីបានសាកល្បងដោយជោគជ័យលើមនុស្ស ខណៈដែលអ្នកស្ម័គ្រចិត្តបង្ហាញនូវការឆ្លើយតបនៃភាពស៊ាំ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការពិនិត្យចុងក្រោយទៅលើអ្នកស្ម័គ្រចិត្តដែលធ្វើតេស្តវ៉ាក់សាំងមេរោគកូរ៉ូណាវីរុសនៅក្នុងមន្ទីរពេទ្យ Burdenko នៅប្រទេសរុស្ស៊ីបានបង្ហាញនូវភាពស៊ាំចំពោះគ្រប់អ្នកដែលបានធ្វើតេស្តទាំងអស់។

យោងតាមក្រសួងនេះបានឱ្យដឹងថា ការពិនិត្យនេះត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យសំខាន់មួយរបស់ក្រសួងកាលពីព្រឹកថ្ងៃចន្ទ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយការរួមគ្នារវាងក្រសួងការពារជាតិរុស្ស៊ី និងវិទ្យាស្ថានស្រាវជ្រាវ Gamaleya ផ្នែករោគរាតត្បាត និងមីក្រូជីវសាស្រ្ត។

ក្រសួងបាននិយាយថា «លទ្ធផលនៃការពិនិត្យនេះបង្ហាញយ៉ាងច្បាស់នូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដែលមិនអាចប្រកែកបាន ដែលទទួលបានតាមរយៈការចាក់វ៉ាក់សាំងនេះ»។

ព័ត៌មាននេះត្រូវបានធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលស្រាវជ្រាវមួយផ្សេងទៀត គឺមជ្ឈមណ្ឌលស្រាវជ្រាវរដ្ឋនៃវីរុស និងជីវបច្ចេកវិជ្ជាវិទ្យាសាស្ត្រ Vektor បានប្រកាសអំពីផែនការដើម្បីចាប់ផ្តើមផលិតវ៉ាក់សាំងប្រឆាំងនឹងមេរោគនេះនៅខែវិច្ឆិកា។ យោងទៅតាមវិទ្យាស្ថាន Vektor បានឱ្យដឹងថា វ៉ាក់សាំងនេះនឹងផ្តល់ជូនដោយឥតគិតថ្លៃនៅក្នុងប្រទេសរុស្ស៊ី។

លោក Rinat Maksyutov អគ្គនាយកមជ្ឈមណ្ឌលបាននិយាយថា ការផ្លាស់ប្តូរជាដំណាក់កាលពីការចាក់វ៉ាក់សាំងដល់ក្រុមពិសេស និងក្រុមមានហានិភ័យ ដល់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ អាចត្រូវបានគេរំពឹងទុកសម្រាប់ចុងឆ្នាំនេះ និងដើមឆ្នាំ ២០២១ ។

យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ី លោក Mikhail Murashko បានឱ្យដឹងថា បុគ្គលិកសុខាភិបាល និងគ្រូបង្រៀន នឹងត្រូវបានផ្តល់អាទិភាពក្នុងការទទួលការចាក់វ៉ាក់សាំងនេះនៅពេលដាក់ចេញដំបូង ខណៈដែលការសិក្សាទៅលើអ្នកជំងឺដែលបានចាក់វ៉ាក់សាំងនឹងនៅតែបន្តនៅក្នុងពេលតែមួយនោះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)