ប្រទេសហ្វីលីពីនដាក់ការរឹតបន្តឹងឡើងវិញ ដោយបិទតំបន់ជុំវិញរដ្ឋធានីដោយសារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០​ — អាជ្ញាធរហ្វីលីពីនបាននិយាយថា ប្រទេសនេះនឹងដាក់ការរឹតបន្តឹងឡើងវិញដោយបិទតំបន់នៅជុំវិញរដ្ឋធានីម៉ានីលដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ២សប្តាហ៍ដោយចាប់ពីថ្ងៃទី០៤ ខែសីហានេះតទៅ ដោយសារតែប្រទេសនេះកំពុងព្យាយាមទប់ទល់នឹងចំនួននៃការឆ្លងដែលមានការកើនឡើងដល់ជាង ១០០.០០០នាក់ហើយ។

លោក Harry Roque អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតីបានយល់ព្រមដាក់ទីក្រុងម៉ានីល និងខេត្តមួយចំនួននៅក្បែរៗនោះ ដូចជា ខេត្ត Laguna ខេត្ត Cavite ខេត្ត Rizal និងខេត្ត Bulacan នៅក្រោមអ្វីដែលគេហៅថា «ការផ្លាស់ប្តូរដើម្បីសហគមន៍កាន់តែប្រសើរឡើង» (MECQ) រហូតដល់ថ្ងៃទី១៨ ខែសីហា។

ការសម្រេចបិទតំបន់ជុំវិញរដ្ឋធានីនេះបានធ្វើឡើងបន្ទាប់ពីក្រុមមនុស្សចំនួន ៨០ក្រុមនៅក្នុងមូលដ្ឋានដែលតំណាងឱ្យវេជ្ជបណ្ឌិតចំនួន ៨០.០០០នាក់ និងគិលានុបដ្ឋាយិកាចំនួន ១លាននាក់ បានអំពាវនាវឱ្យមានការត្រួតពិនិត្យតឹងរ៉ឹង ដោយនិយាយថា ប្រទេសនេះកំពុងបាត់បង់ការប្រយុទ្ធប្រឆាំងនឹងវីរុសនេះហើយ។

យោងតាមនាយកដ្ឋានថវិកា និងការគ្រប់គ្រងជាតិ (DBM) របស់ប្រទេសនេះបានឱ្យដឹងថា លោក ឌូដឺតេ ក៏បានយល់ព្រមផងដែរ ទៅលើសំណើថវិកាជាតិចំនួន ៤,៥ទ្រីលានប៉េសូ (ប្រមាណ ៩១,៦៥ប៊ីលានដុល្លារអាមេរិក) សម្រាប់ឆ្នាំ ២០២១ ក្នុងអំឡុងពេលកិច្ចប្រជុំពិសេសរបស់លោកជាមួយគណៈកម្មាធិការសម្របសម្រួលថវិកាអភិវឌ្ឍន៍ (DBCC) កាលពីថ្ងៃទី ៣០ ខែកក្កដា។

ថវិកានេះមានការខ្ពស់ជាងថវិកាឆ្នាំនេះ ៩,៩ភាគរយ ដោយថវិកាឆ្នាំនេះមានចំនួនត្រឹម ៤,១ទ្រីលានប៉េសូ ដែលមានគោលបំណងធ្វើឱ្យមាននិរន្តរភាពនៃការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពរបស់រដ្ឋាភិបាលចំពោះការជំងឺរាតត្បាតនេះ ដោយផ្តោតសំខាន់ទៅលើការចំណាយសម្រាប់ការកែលម្អប្រព័ន្ធថែទាំងសុខភាព ធានាសន្តិសុខស្បៀងអាហារ បង្កើនការវិនិយោគក្នុងវិស័យសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រមទាំងជួយដល់សហគមន៍នានា ដើម្បីទប់ទល់ និងយកឈ្នះការលំបាកនាគ្រានេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)