អ្នកធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីត្រូវពាក់ឧបករណ៍តាមដានអេឡិចត្រូនិច

AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០​ — ចាប់ផ្តើមពីថ្ងៃទី១១ ខែសីហា តទៅអ្នកធ្វើដំណើរចូលទៅក្នុងប្រទេសសិង្ហបុរីទាំងអស់ ដែលតម្រូវឱ្យជូនដំណឹងអំពីការស្នាក់នៅក្នុងផ្ទះរបស់ពួកគេ (SHN) នៅខាងក្រៅទីកន្លែងដែលបានរៀបចំ នឹងត្រូវតម្រូវឱ្យពាក់ឧបករណ៍តាមដានត្រួតពិនិត្យអេឡិចត្រូនិចក្នុងរយៈពេល ១៤ថ្ងៃ។

អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (ICA) ក្រសួងកម្លាំងពលកម្ម (MOM) និងក្រសួងអប់រំ (MoE) របស់ប្រទេសសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា តម្រូវការនេះនឹងអនុវត្តចំពោះអ្នកដំណើរទាំងអស់ រួមទាំងជនជាតិសិង្ហបុរី អ្នកស្នាក់នៅអចិន្ត្រៃយ៍ អ្នកកាន់លិខិតឆ្លងដែនរយៈពេលវែង អ្នកកាន់ប័ណ្ណការងារ និងអ្នកនៅក្នុងបន្ទុកក៏ដោយ។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ឧបករណ៍នេះនឹងអនុញ្ញាតឱ្យពួកគេត្រួតពិនិត្យអ្នកដែលស្ថិតនៅក្រោមវិធានការ SHN ឱ្យកាន់តែមានប្រសិទ្ធិភាព ខណៈដែលការរឹតត្បិតការធ្វើដំណើរត្រូវបានបន្ធូរបន្ថយជាបណ្តើរៗ។

វាគឺជាការផ្លាស់ប្តូរពីការរួមបញ្ចូលគ្នានៃសារជាសំឡេង ការហៅជាសំឡេង និងវីដេអូ នឹងការចុះសួរសុខទុក្ខតាមផ្ទះ ដែលអាជ្ញាធរបានប្រើប្រាស់ដើម្បីធានាថា វិធានការទាំងឡាយត្រូវបានអង្កេត។

សញ្ញា GPS និងប្រព័ន្ធ 4G ឬ Bluetooth ត្រូវបានប្រើដើម្បីកំណត់ថា តើមនុស្សម្នាក់ស្ថិតនៅក្នុងចម្ងាយណាពីកន្លែងរស់នៅរបស់ពួកគេ។

អ្នកដែលបំពាន ឬដកឧបករណ៍នេះចេញក្នុងអំឡុងពេល SHN អាចត្រូវបានពិន័យជាប្រាក់រហូតដល់ ១០.០០០ដុល្លារអាមេរិក ឬជាប់ពន្ធនាគាររហូតដល់ ៦ខែ ឬប្រឈមនឹងការផ្តន្ទាទោសទាំងពីរ។

នៅពេលមុននេះ ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា ចាប់ពីថ្ងៃទី១៨ ខែមិថុនា អ្នកដំណើរដែលធ្វើដំណើរចូលក្នុងប្រទេសសិង្ហបុរីពីប្រទេសដែលបានជ្រើសរើស អាចជូនដំណឹងអំពីការស្នាក់នៅផ្ទះរបស់ពួកគេជំនួសឱ្យការស្នាក់នៅទីកន្លែងដែលបានរៀបចំទុក។ ប៉ុន្តែពួកគេនឹងតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយខានមិនបានដោយពួកគេត្រូវបង់ប្រាក់នៅរយៈពេលប៉ុន្មានថ្ងៃមុនចប់វិធានាការ SHN របស់ពួកគេ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)