ការផ្ទុះជំងឺគ្រុនឈាមនៅក្នុងប្រទេសឡាវគួរឱ្យមានការព្រួយបារម្ភ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០​ — ខណៈដែលជំងឺកូវីដ-១៩ នៅតែស្ថិតក្នុងការគ្រប់គ្រងនៅក្នុងប្រទេសឡាវ ជំងឺគ្រុនឈាមនៅតែបន្តជាបញ្ហានៅក្នុងប្រទេសនេះ ដោយមានករណីកើតជំងឺគ្រុនឈាមចំនួន ៤.២៥៦នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៩នាក់ ដោយគិតចន្លោះពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២ ខែសីហា។

ក្រសួងសុខាភិបាលឡាវបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី៣ ខែសីហា ថា ទីក្រុង និងខេត្តទាំង ១៨ នៃប្រទេសឡាវបានរាយការណ៍ថា មានករណីជំងឺគ្រុនឈាម។

ចំនួនអ្នកជំងឺខ្ពស់ជាងគេ គឺ ៩៧៤នាក់នៅក្នុងទីក្រុងវៀងចន្ទន៍ បន្ទាប់មក គឺខេត្ត Bolikhamxay មានចំនួន ៥១៥នាក់ ខេត្តវៀងចន្ទន៍ មានចំនួន ៤៤៧នាក់ និងខេត្តអាតាពើ មានចំនួន ៣៧១នាក់។

អ្នកស្លាប់ទាំង ៩នាក់នោះ រួមមាន ៤នាក់នៅក្នុងរដ្ឋធានីវៀងចន្ទន៍ ២នាក់នៅខេត្ត Bolikhamxay និងម្នាក់ៗ នៅខេត្ត Khammouane ខេត្ត Xayaboury និងខេត្ត Xieng Khouang ។

ការប្រឈមនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមនេះ អាជ្ញាធរសុខាភិបាលឡាវបានជំរុញឱ្យប្រជាជនបោសសំអាតកន្លែងបង្កាត់ពូជសត្វមូសនៅជុំវិញផ្ទះ នឹងកន្លែងធ្វើការ ដើម្បីជួយគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។

ប្រជាជនក៏ត្រូវបានណែនាំឱ្យទៅកាន់គ្រឹះស្ថានវេជ្ជសាស្ត្រនានា ដើម្បីធ្វើការត្រួតពិនិត្យប្រសិនបើពួក គេធ្លាក់ខ្លួនឈឺ។

ជំងឺគ្រុនឈាម គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់វិស័យសុខាភិបាលរបស់ប្រទេសឡាវ។ របាយការណ៍បានបង្ហាញថា មានអ្នកស្លាប់ចំនួន ៧៤នាក់ក្នុងចំណោមករណីឆ្លងជាង ៣៧.០០០នាក់កាលពីឆ្នាំមុន ដោយចំនួនអ្នកស្លាប់កើនឡើង ៤ដង បើធៀបទៅនឹងឆ្នាំ ២០១៨ បើទោះបីមានការខិតខំបង្ការជំងឺនេះក៏ដោយ។

យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ជំងឺគ្រុនឈាម គឺជាជំងឺមួយដែលរីករាលដាលយ៉ាងឆាប់រហ័សបំផុតដែលត្រូវបានគេស្គាល់ចំពោះមនុស្សជាតិ ដោយក្នុងនោះប្រទេសថៃ ឡាវ ហ្វីលីពីន និងសិង្ហបុរី ក៏មានការកើនឡើងខ្ពស់ផងដែរ។

ចំនួនករណីនៃជំងឺនេះនៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិច បានកើនឡើងទ្វេដងក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)