ប្រទេសថៃព្យាយាមរកមធ្យាបាយទាក់ទាញភ្ញៀវទេសចរបរទេស

AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០​ — យោងតាមអាជ្ញាធរទេសចរណ៍ថៃ ( TAT ) បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសទៅទស្សនាប្រទេសថៃ នឹងមានការថយចុះយ៉ាងខ្លាំងមកនៅត្រឹម ៧លាននាក់នៅក្នុងឆ្នាំនេះ ពីតួលេខចំនួន ៧៩,៨លាននាក់នៅក្នុងឆ្នាំ ២០១៩ ប្រសិនបើបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នៅបន្តបិទទ្វារប្រទេសរហូតដល់ត្រីមាសចុងក្រោយនៃឆ្នាំនេះ។

លោកស្រី Thapanee Kiatphaibool អភិបាលរងនៃអាជ្ញាធរ TAT បាននិយាយថា ខណៈដែលទេសចរណ៍ក្នុងស្រុកបានចាប់ផ្តើមស្ទុះងើបឡើងវិញ អាជីវកម្មភាគច្រើននៅតែមានផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ។

លោកស្រីបាននិយាយថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេសមានចំនួន ៦,៦៩លាននាក់ ពោល គឺធ្លាក់ចុះចំនួន ៦៦ភាគរយ។ ឧស្សាហកម្មនេះត្រូវបានជួយដោយអ្នកទេសចរថៃ ដែលមានចំនួន ៥៤.៥លាននាក់នៅក្នុងរយៈពេលដូចគ្នា។

ចំណូលពីវិស័យទេសចរណ៍នៅក្នុងឆ្នាំនេះ ត្រូវបានព្យាករដោយអាជ្ញាធរទេសចរណ៍ថៃថា មានចំនួន ១,២៣ទ្រីលានបាត (៣៩,៣៨ប៊ីលានដុល្លារអាមេរិក) បើធៀបទៅនឹងចំនួន១,៩៣ទ្រីលានបាត ក្នុងឆ្នាំ ២០១៩។ ចំនួនភ្ញៀវទេសចរបរទេសទំនងជានឹងមានត្រឹម ៧លាននាក់ប៉ុណ្ណោះ ដែលទាបជាងការកំណត់របស់ TAT ដែលមានចំនួន ៩លាននាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)