មន្ត្រីជំនាញគ្រប់គ្រងគ្រោះមហន្តរាយ រម្លឹកឲ្យប្រជាពលរដ្ឋត្រៀមបង្ការគ្រោះធម្មជាតិនៅរដូវវស្សានេះ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
MCមន្ត្រីជំនាញគ្រប់គ្រងគ្រោះមហន្តរាយរម្លឹកឲ្យប្រជាពលរដ្ឋត្រៀមបង្ការគ្រោះធម្មជាតិនៅរដូវវស្សានេះដោយត្រូវតាមដានការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក ដើម្បីជៀសផុតពីគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។

នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា ឯកឧត្តម ឃុន សុខា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានអប់រំផ្សព្វផ្សាយនិងបណ្តុះបណ្តាលនៃគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថាការកើនឡើងនូវគ្រោះធម្មជាតិកំពុងតែជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមជនបទ នារដូវវស្សានេះ។
ឯកឧត្តមបានបន្តថាបើទោះបីជាគ្រោះធម្មជាតិដែលមនុស្សមិនអាចគ្រប់គ្រងបានក៏ដោយ ប៉ុន្តែក៏អាចការពារពីគ្រោះថ្នាក់ទាំងអស់នេះបានដែរ ប្រសិនបើប្រជាជនអនុវត្តតាមវិធីដែលក្រសួងជំនាញបានណែនាំ ដែលយើងអាចកាត់បន្ថយគ្រោះថ្នាក់ទាំងនោះបាន។
ឯកឧត្តមស្នើឱ្យ ប្រជាពលរដ្ឋគួរតែតាមដានស្ដាប់ការព្យាករណ៍ស្ដីពីអាកាសធាតុ ដែលក្រសួងជំនាញបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយជារៀងរាល់ថ្ងៃដើម្បីបានដឹងនិងត្រៀមលក្ខណៈទុកជាមុន ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើង ជាយថាហេតុ។
សំឡេង៖«ជាពិសេសនៅក្នុងរដូវនេះជារដូវទឹកចាប់ផ្ដើមឡើងភ្លៀងកាន់តែធ្លាក់ញឹកញាប់ទៅអញ្ចឹងទាក់ទងទៅមុខសញ្ញាគ្រោះថ្នាក់ដែលប្រជាពលរដ្ឋនឹងប្រឈមមុខនៅក្នុងរយៈពេលចាប់ពីខែ៨ដល់ខែ១១នេះ ។ទី១ទាក់ទងទឹកជំនន់រហ័សនិងទឹកជំនន់របប ទឹកទន្លេមេគង្គចឹងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ភ្នំឬតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំងត្រូវប្រុងប្រយ័ត្នអំពី ការទទួលឥទ្ធិពល ចឹងត្រូវទទួលនៅព័ត៌មានការព្យាករណ៍ពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រសួងជំនាញដែលបានផ្សព្វផ្សាយនៅលើគេហទំព័រនៅលើបណ្ដាញសង្គមគឺអាជ្ញាធរនិងប្រជាពលរដ្ឋត្រូវតែយកចិត្តទុកដាក់តាមដានព័ត៌មាននេះពីព្រោះវានឹងជួយកាត់បន្ថយ ផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋយើងនៅមូលដ្ឋានដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់»។
សូមបញ្ជាក់ថា ត្រឹមរយៈពេល៧ខែ ដើមឆ្នាំ២០២០នេះ គ្រោះមហន្តរាយគ្រោះធម្មជាតិ បានបង្កជាខ្យល់កន្ត្រាក់បង្កឲ្យមានផលប៉ះពាល់រហូតដល់ចំនួនជាង៤ពាន់ខ្នងទូទាំងប្រទេសក្នុងនោះផ្ទះរលំខូចខាតមធ្យមជាងចំនួន៨០០ខ្នងខូចខាតទាំងស្រុងចំនួន១៨៨ខ្នងក្នុងចំណោមនេះដែលមានសាលារៀនចំនួន២៧ខ្នងតូបផ្សារចំនួន៥និងអគារររដ្ឋបាលចំនួន២៨ បណ្តាលឲ្យមនុស្សស្លាប់ចំនួន៥១នាក់ ។
ចំណែកឯផ្គររន្ទះវិញបានកើតចំនួន៨៤លើកហើយប៉ះពាល់ទៅដល់លំនៅឋានប្រជាពលរដ្ឋចំនួន១០ខ្នងហើយបង្កឲ្យមនុស្សស្លាប់ចំនួន៤៧នាក់របួសចំនួន៣៤នាក់ និងសត្វពាហនៈគោក្របីបានស្លាប់ចំនួន ៥០ក្បាល៕