រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២៧ ខែកក្ដដា ដល់ថ្ងៃទី២ ខែ សីហា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៣១នាក់ និងរបួស៧២ នាក់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២៧ ខែកក្ដដា ដល់ថ្ងៃទី២ ខែ សីហា ឆ្នាំ២០២០នេះ បានសម្លាប់មនុស្ស ៣១នាក់ និងរបួស ៧២នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៦០លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៣១នាក់ របួសធ្ងន់ ៥០នាក់ និងរបួសស្រាល ២២នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ប្រជែង បត់មិនប្រយ័ត្ន កត្តាយានយន្ត និងស្រវឹង។
ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕