វេទិកាសាធារណ​: និង ជួប​សំណេះ សំ​ណា​ល ទទួល​សំណួរ និង​សំណូមពរ របស់​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប !

​សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ ២០២០ នៅ​វិទ្យាល័យ ២៨​មករា ស្រុក​ស្រីស្នំ មាន​រៀបចំ​វេទិកាសាធារណៈ និង​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រដ្ឋាភិបាល ដឹកនាំ​ដោយ ឯកឧត្តម ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចុះជួយ​ស្រុក​ស្រីស្នំ មានការ​ចូលរួម​ពី សមាជិក សមាជិកា ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល​ចុះជួយ​ស្រុក​ស្រីស្នំ លោក​អភិបាលស្រុក​ស្ដីទី មន្ត្រី កងកម្លាំង​ទាំង​៣​ប្រភេទ ព្រមទាំង​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើនរូប​។​

​ក្នុង​វេទិកា​នោះ ឯកឧត្តម ប្រធាន​ក្រុមការងារ បាន​ផ្ដោត​សំខាន់​ទៅលើ​ការទប់ស្កាត់​ការឆ្លង​រីក​រាល​ជំងឺ​កូ​វីដ​-១៩ ក្នុងស្រុក​ស្រីស្នំ ខណៈ​ស្រុក​មួយ​នេះ នៅតែ​បន្ត​មាន​ប្រជាពលរដ្ឋ​ចេញចូល​ទៅធ្វើ​ការ​នៅ​បរទេស ជាពិសេស​ប្រទេស​ថៃ ទោះបី​មានការ​ហាមប្រាម​ពី​រាជរដ្ឋាភិបាល​ក៏ដោយ​។ ឯកឧត្តម បាន​ណែនាំ​ដល់​រដ្ឋបាល​ស្រុក និង​គណៈ​គ្រប់គ្រង​វិទ្យាល័យ ២៨​មករា ដែលជា​វិទ្យាល័យ​គម្រូ ត្រូវ​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​មួយ ដោយ​រៀបចំ​សិស្សានុសិស្ស និង​យុវជន​ក្នុងស្រុក ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​-​ឃុំ ក្នុងស្រុក ដើម្បី​ឲ្យ​ពួកគាត់​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​ជំងឺ​កូ​វីដ​១៩ នាពេល​បច្ចុប្បន្ន និង​បញ្ឈប់​ការ​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​បរទេស អំឡុងពេល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ជាមួយ​នោះ ឯកឧត្តម ប្រធាន​ក្រុមការងារ ក៏បាន​ទទួល​សំណួរ និង​សំណូមពរ ចំនួន​១០ ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី ការខ្វះខាត​ប្រព័ន្ធ​អគ្គិសនី​ក្នុងភូមិ​-​ឃុំ​មួយចំនួន ការធ្វើ​អត្តសញ្ញាណ​បណ្ណ​មាន​រយៈពេល​យូរ ភាពមិនប្រក្រតី​ការផ្ដល់​បណ្ណ​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ ។ សំណួរ​ទាំងអស់នោះ ត្រូវបាន​ដោះស្រាយ​ដោយ​មន្ត្រី​ជំនាញ និង​មានការ​ទទួលយក​ពី​ម្ចាស់​សំណួរ ចំពោះ​បញ្ហាដីធ្លី និង​អគ្គិសនី ឯកឧត្តម​បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ថា ការងារ​ទាំងអស់នេះ ត្រូវការ​រយៈពេល​ដោះស្រាយ​បន្តទៀត ដែលមាន​អង្គភាព​ជំនាញ​ចូលរួម ក្នុងនោះ​ឯកឧត្តម ក៏បាន​សំណូមពរ​ដល់ មន្ទីរ និង​អង្គភាព​ជំនាញ ជួយ​ព​ន្លឿ​ន​ការចុះ​សិក្សា ក៏ដូចជា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​។ ដោយឡែក ចំពោះ​សំណើសុំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិទ្យាល័យ ២៨ មករា ការសាងសង់​ផ្ទះ​ស្នាក់​លោកគ្រូ អ្នកគ្រូ និង​បង្កើត​ភូមិ ឃុំ​ថ្មី តាមរយៈ​ភូមិ​ឧបសម្ព័ន្ធ​ដែលមាន​ស្រាប់​របស់​ស្រុក ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​ជម្រាប​ថា សំណើរ​មួយចំនួន​ត្រូវបាន​បញ្ជូន​ទៅកាន់​រាជរដ្ឋាភិបាល​រួចរាល់​ហើយ ប៉ុន្តែ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ សំណើ​ទាំងនោះ​ត្រូវការ​រយៈពេល ដើម្បី​សម្រេច​ជ​ក្រោយ​។ ទន្ទឹម​នោះ ឯកឧត្តម ក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១​លាន​រៀល សម្រាប់​សិស្ស​ស្ម័គ្រចិត្ត ទិញ​សម្ភារៈ​បណ្ណាល័យ​ស្ថិតក្នុង​ឃុំ​ជ្រោយ​នាង​ងួន និង​ឃុំ​ប្រិ​យ៍​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​