ខេត្តរតនគិរីបង្ហាញផែនការទាក់ទាញវិនិយោគគិនឱ្យកាន់តែច្រើន ទៅពង្រីកការវិនិយោគលើវិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ03,08,2020


MC៖ រដ្ឋបាលខេត្តរតនគិរី ដាក់ផែនការទាក់ទាញវិនិយោគគិនទៅពង្រីកការវិនិយោគ លើវិស័យទេសចរណ៍ឲ្យកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងទ្វេដង។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី មានប្រសាសន៍ថា ខេត្តរតនគិរីជាខេត្តមួយ ដ៏មានសក្តានុពលខ្ពស់ ទៅលើធនធានធម្មជាតិសំបូរទៅដោយព្រៃភ្នំ វាលស្មៅដែលមានភាពខៀវស្រសល់ត្រកាល ដែលកំពុងតែទទួលបានការទាក់ទាញយ៉ាងខ្លាំងពីភ្ញៀងទេសចរជាតិនិងអន្តរជាតិ។ ឯកឧត្តមបន្តថា ដោយសារវិសាលភាពនៃវិស័យទេសចរណ៍មានការកើនឡើងជាលំដាប់ ហេតុដូចនេះរដ្ឋបាលខេត្តបានដាក់ផែនការធ្វើយ៉ាងណា ដើម្បីទាក់ ទាញអ្នកវិនិយោគជាតិនិងអន្តរជាតិ ឲ្យមកធ្វើការបណ្តាក់ទុនលើវិស័យទេសចរណ៍ មានដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង រមណីយដ្ឋាននានា ឲ្យកាន់តែមានភាពសំបូរបែបបន្ថែមទៀត ដើម្បីទាក់ទាញ និងបំរើអោយភ្ញៀវចរក្នុងស្រុកនិងក្រៅស្រុក ពិសេសបង្កើនប្រាក់ ចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានអោយអាជ្ញាធរពាក់ព័ន្ធត្រូវជួយពន្យល់ ណែនាំ សម្រួលពីបែបបទ នីតិវិធី និងលិខិតបទដ្ឋាននានាដល់អ្នកវិនិយោគទុន និងពាណិជ្ជករ ដើម្បីឱ្យពួកគាត់មានភាពកក់ក្តៅ ក្នុងការវិនិយោគនៅក្នុងខេត្ត ដោយគ្មានការភ័យខ្លាច និងមានភាពជឿជាក់បំផុត។
សំឡេង៖« ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត សូមអំពាវនាវ ដល់វិស័យឯកជនក៏ដូចជាអ្នកវិនិយោគទុន ដែលមានការចាប់អារម្មណ៍ធ្វើការវិនិយោគ លើវិស័យពាក់ព័ន្ធ ដូចជាហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ដែលមានខឿនសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តរតនគិរី ក៏ដូចជាការសិក្សាស្វែងយល់ ដើម្បីមានការចូលរួមអភិឌ្ឍន៍ក្នុងខេត្តរតនគិរី របស់យើងខ្ញុំដើម្បីធ្វើការលើកតម្កើនវិស័យសេដ្ឋកិច្ច»។
សូមបញ្ជាក់ថា ក្នុងខេត្តរតនគិរីមានរមណីយដ្ឋានសរុបចំនួន១៤កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិចំនួន១២កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន២កន្លែងរមណីយដ្ឋានទេសចរណ៍ធម្មជាតិចំនួន៨កន្លែងគ្រប់គ្រងដោយសហគមន៍ជនជាតិដើមភាគតិច។ ដោយឡែកសេវាកម្មស្នាក់នៅមានសរុបចំនូន ៥០កន្លែង ស្មើនឹង ១.១២៩បន្ទប់ ក្នុងនេះមានសណ្ឋាគារចំនួន ១៤កន្លែង ស្មើនឹង ៦២៥បន្ទប់ និងផ្ទះសំណាក់ចំនួន ៣៦កន្លែង ស្មើនឹង ៥០៤បន្ទប់ មានភោជនីយដ្ឋានចំនួន ១៤កន្លែង អាហារដ្ឋានចំនួន២៥កន្លែង និងកន្លែងលក់វត្ថុអនុស្សាវរីយ៍សរុបចំនួន ១៩កន្លែង៕