អាជ្ញាធរខេត្តរតនគីរីត្រៀមរៀបចំសហគមន៍ធម្មជាតិវាលកំបោរដើម្បីទទួលភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ ស្រីផល
Mc៖ អាជ្ញាធរខេត្តរតនគីរី ត្រៀមរៀបចំសហគមន៍ធម្មជាតិវាលកំបោរ នៃដែនជម្រកសត្វព្រៃលំផាត់ ដើម្បីទទួលភ្ញៀវទេសចរដែលទៅលេងកំសាន្ត ព្រោះទីនេះសំបូរទៅដោយសត្វស្លាបនិងសត្វកម្រគ្រប់ប្រភេទ។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរីបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា អាជ្ញាធរ បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការរៀបចំសហគមន៍ធម្មជាតិវាលកំបោរ នៃដែនជម្រកសត្វព្រៃលំផាត់រួមទាំងផ្លូវធ្វើដំណើរទៅកាន់ទីនោះ ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរទៅ លេងកម្សាន្ត។

លោក បានបន្តថា សហគមន៍ធម្មជាតិវាលកំបោរ នៃដែនជម្រកសត្វព្រៃលំផាត់ បានផ្តល់នូវជម្រកដ៏ល្អឥតខ្ចោះសម្រាប់ថនិកសត្វធំៗជា ច្រើនដូចជា សត្វត្រយ៉ង(ត្រយ៉ងចង្កំកស និងត្រយ៉ងយក្ស) ជ្រូកព្រៃ ឈ្លូស ដំរី ទន្សោង ខ្ទីង ខ្លា និងក្របីព្រៃ ប្រើស រមាំង ក៏ដូចជា ខ្លាឃ្មុំ និងពពួកសត្វស្វាជាដើម។
សម្លេង៖ ឥឡូវនេះយើងកំពុងតែសហការរៀបចំគ្នា ជាមួយនឹងអង្គការដៃគូ គឺអង្គការអភិរក្សសត្វស្លាបកម្ពុជា ហើយនឹងជាមួយសហគមន៍ ដែលយើងកំពុងតែរៀបចំ តែការពិតទីតាំងគឺយើងរៀបចំបានមួយចំនួនហើយ ក៏ប៉ុន្តែដោយសារតែកត្តាមុននេះ គឺវាធ្លាក់ចូលក្នុងរដូវភ្លៀង ហើយក្នុងរដូវភ្លៀងនេះកន្លែងមួយចំនួន យើងកំពុងតែរៀបចំវាឲ្យមានភាពប្រសើរឡើង ហើយយើងគិតថាប្រហែលជាមិនយូរទេ ប្រហែល ជាអាចចន្លោះពេលប៉ុន្មានខែខាងមុខនេះ ស្បើយទឹកភ្លៀង យើងនឹងរៀបចំកម្មវិធីឲ្យមានភាពល្អប្រសើរឡើង ដើម្បីទាក់ទាញភ្ញៀវទាំងជាតិនិងអន្តរជាតិ។
សូមបញ្ជាក់ថា នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្រៅពីទស្សនាទេសភាពដ៏ស្រស់ស្អាត ភ្ញៀវទេសចរ ក៏អាចដើរទស្សនាភូមិជនជាតិដើមភាគតិច ដែលភាគ ច្រើនជាជនជាតិព្នង ពួកគាត់ប្រកបរបរចិញ្ចឹមជីវិតដោយប្រើប្រាស់ធនធានធម្មជាតិ ដូចជា៖ ការយកជ័រឈើ វ័ល្ល ផ្តៅ ស្មៅ និងផលិតផលផ្សេងទៀត ដែលមាននៅក្នុងព្រៃផងដែរ៕