លោកជំទាវ កុយ ពិសី៖ ផែនទីព្រំដែនកម្ពុជា-វៀតណាម សម័យ​ទំនើបបានមកដល់កម្ពុជា និងមានភាពច្បាស់លាស់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០

លោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃ​អាជ្ញាធរជាតិ​ទទួល​បន្ទុក​កិច្ចការព្រំដែនបានអះអាងថា ផែនទីព្រំដែនកម្ពុជា-វៀតណាម បានមកដល់កម្ពុជាហើយ និងជាផែនទីទំនើបសម័យ​ឌីជីថល៤.០ ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោល​ព្រំដែន រួមនិងស្ថានភាពភូមមិសាស្រ្តនៅលើដីជាក់ស្តែងបានយ៉ាងជាក់លាក់។ ការអះអាង​របស់លោកជំទាវនេះ ធ្វើឡើងតាមរយៈការសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម​ហ្វេសបុកនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។

លោកជំទាវ កុយ ពិសី បានលើកឡើងថា ក្នុងជួបពិភាក្សាការងារ និងប្រគល់ ទទួលផែនទី​ឋានលេខា​ព្រំដែនគោក ខ្នាត ១/២៥, ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋសង្គម​និយម​វៀតណាមដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី​ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈ កម្មការចម្រុះ​ខណ្ឌសីមា និងបោះបង្គោល​ព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈ​កម្មការ​ចម្រុះខណ្ឌសីមា និងបោះ​បង្គោលព្រំដែនគោកវៀតណាម ស្ថិតនៅច្រកទ្វារព្រំដែន​អន្តរ​ជាតិម៉ុកបាយ ខេត្តតៃនិញ ប្រទេសវៀតណាម កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។

លោកជំទាវបានគូសបញ្ជាក់ថា ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀត​ណាម មាត្រ​ដ្ឋាន ១/២៥,០០០ នេះ បានបង្ហាញពេញលេញលទ្ធផល ខណ្ឌសីមា និងបោះ​បង្គោល​ព្រំដែន ប្រមាណជា៨៤ភាគរយ ដែលប្រទេសទាំងពីសម្រេចបាន។ លោកជំទាវ​បានបន្ដថា ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.០ ដែលបង្ហាញយ៉ាងច្បាស់​លាស់​ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមមិសាស្រ្តនៅលើដីជាក់ស្តែងបានយ៉ាង​ជាក់លាក់ ងាយ​ស្រួលក្នុងការប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១០០,០០០ ដែលមាន​តែ​ខ្សែព្រំដែន មិនមានអ្វីច្រើនជាងនេះ។

សូមបញ្ជាក់ថា ខាងកម្ពុជាតំណាងដោយលោកជំទាវ កុយ ពិសី អនុប្រធានលេ ខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងវៀតណាមតំណាង​ដោយលោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេស បាន​ធ្វើ​ការត្រួតពិនិត្យផ្ទៀងផ្ទាត់និងឯកភាពទទួលយកសៀវភៅផែនទីឋានលេខាព្រំដែន ដែល​​បានចងក្រងរួច ចំនួន ៥០០ច្បាប់ដើម ក្នុងនោះភាសាខ្មែរ-វៀតណាមចំនួន២៥០ច្បាប់ និង​ភាសាវៀតណាម-ខ្មែរចំនួន ២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម (album) បានល្អ ត្រូវ​តាមបទដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួនតទៅ៕

ដោយ ប៊ុនរិទ្ធ