សហរដ្ឋអាមេរិក និងរុស្ស៊ី ទំនងជាពិភាក្សាអំពីការប្រឆាំងភេរវកម្មនៅប៉ុន្មានខែខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃអាទិត្យ សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានចុះផ្សាយថា ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយនៅក្នុងគំនិតយោបល់មួយដែលត្រូវបានថា ប្រេសិតអាម៉េរិក និង   រុស្ស៊ី ទំនងជានឹងពិភាក្សាអំពីបញ្ហាប្រឆាំងអំពើភេរវកម្មនៅក្នុងប៉ុន្មានខែខាងមុខនេះ។

យោងតាមប្រសាសន៍របស់លោក Robert O’Brien បានឱ្យដឹងថា «វិស័យមួយទៀតនៃកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលជាមួយរុស្ស៊ី គឺការប្រឆាំងភេរវកម្ម។ ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក ធ្លាប់មានទឹកដីកំណើតរបស់ពួកគេត្រូវបានវាយប្រហារដោយក្រុមជ្រុលនិយមហិង្សា។ មន្រ្តីរបស់អាម៉េរិកទំនងជានឹងចូលរួមជាមួយសមភាគីស៊ើបការណ៍សម្ងាត់ និងអ្នកអនុវត្តច្បាប់របស់រុស្ស៊ី អំពីបញ្ហាបែបនេះនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ»។

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Michael Pompeo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីកាលពីខែធ្នូ ឆ្នាំ ២០១៩ ថា សហរដ្ឋអាមេរិកគ្រោងនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ីក្នុងវិស័យប្រឆាំង        ភេរវកម្ម និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួញដូរគ្រឿងញៀន។ តាមប្រសាសន៍របស់លោកបានឱ្យដឹងថា សេវាកម្មពិសេសរបស់ប្រទេសទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងកិច្ចការទាំងនេះជាប្រចាំ។ លោកបាននិយាយបន្ថែមថា ភាគីទាំងពីរនឹងខិតខំធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែមានភាពប្រសើរឡើង៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)