ឥណ្ឌាពិនិត្យឡើងវិញនូវការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០​ — រដ្ឋាភិបាលឥណ្ឌាកំពុងពិនិត្យឡើងវិញនូវការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ អាស៊ាន បន្ទាប់ពីមានការស្ទាក់ស្ទើររបស់ពាណិជ្ជកម្មប្លុកនេះ ក្នុងការដោះស្រាយចំពោះការព្រួយបារម្ភរបស់ឥណ្ឌានូវអ្វីដែលខ្លួនជឿជាក់ថា មិនស្មើភាពគ្នានៅក្នុងកតិកាសញ្ញាពាណិជ្ជកម្មក្នុងអំឡុងពេល១០ឆ្នាំចុងក្រោយនេះ។

យោងតាមសារព័ត៌មាន Times of India បានឱ្យដឹងថា មូលដ្ឋានចម្បងរបស់ប្រទេសនេះ គឺឱនភាពពាណិជ្ជកម្មកើនឡើងជាមួយនឹងប្លុកដែលមានប្រទេសទាំង ១០ជាសមាជិក។

រដ្ឋាភិបាលឥណ្ឌាកំពុងពិនិត្យមើលការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Nirmala Sitharaman ដោយបានណែនាំថា ទីក្រុង ញូវដែលី នឹងទាមទារកិច្ចព្រមព្រៀងគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេស ដែលខ្លួនបើកចំហសម្រាប់ទីផ្សារ។

រដ្ឋាភិបាលរបស់លោក Narendra Modi បានស្តីបន្ទោសចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានអនុវត្តដោយសហសម្ព័ន្ធរីកចម្រីន (UPA) សម្រាប់បញ្ហាមួយផ្នែកធំនៃបញ្ហាឱនភាពពាណិជ្ជកម្មដោយហេតុផលថា កិច្ចព្រមព្រៀងជាមួយអាស៊ាន សាធារណរដ្ឋកូរ៉េ និងជប៉ុន ត្រូវបានចុះហត្ថលេខាយ៉ាងឆាប់រហ័ស និងផលប្រយោជន៍របស់ឥណ្ឌាមិនត្រូវបានការពារគ្រប់គ្រាន់។

ជាលទ្ធផល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា លោក Piyush Goyal បានទាមទារឱ្យមានការចរចាឡើងវិញនូវបទប្បញ្ញត្តិមួយចំនួនក្រោមយន្តការពិនិត្យឡើងវិញ ដែលជាអ្វីដែលអាស៊ានបានបដិសេធមិនទទួលយក។

យ៉ាងហោចណាស់មានមន្ត្រីជាន់ខ្ពស់ចំនួន ៣រូបនៅក្នុងរដ្ឋបាលបាននិយាយថា រដ្ឋាភិបាលកំពុងសម្លឹងមើលជម្រើសនៃការចាកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន ជាពិសេសកិច្ចព្រមព្រៀងជាមួយអាស៊ាន ប្រសិនបើឥណ្ឌាមិនពេញចិត្តនឹងលក្ខខណ្ឌនៃការចូលរួមទាំងនោះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយផ្តើមចេញពីការគំរាមកំហែងរារាំងកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ស្តីពីការសម្របសម្រួលពាណិជ្ជកម្មក្នុងឆ្នាំ ២០១៥ ដើម្បីដើរចេញពីកិច្ចចរចា ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ប្រទេសឥណ្ឌាបានប្រកាន់ជំហររឹងប៉ឹងក្នុងការផ្សារភ្ជាប់ជាសកល៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)