ពិធីសារនៃការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាស៊ាន – ជប៉ុន ចូលជាធរមាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០​ — ពិធីសារដំបូងនៃការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន – ជប៉ុន ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (AJCEP) បានចូលជាធរមានជាផ្លូវការនៅក្នុងប្រទេសជប៉ុន និងរដ្ឋជាសមាជិកអាស៊ានទាំង ៥ គឺឡាវ, មីយ៉ាន់ម៉ា, សិង្ហបុរី ,ថៃ និង វៀតណាម កាលពីថ្ងៃទី១ ខែសីហា។

ប្រទេសទាំងនោះបានបំពេញនីតិវិធីច្បាប់ចាំបាច់ទាំងអស់សម្រាប់ការចូលជាធរមាន នៃឯកសារនេះ។

ប្រទេសវៀតណាមបានផ្តល់សច្ចាប័នទៅលើពិធីសារដំបូងនេះកាលពីថ្ងៃទី២៦ ខែមិថុនា ខណៈដែលប្រទេសជប៉ុនបានបញ្ចប់នីតិវិធីច្បាប់របស់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា។

ពិធីសារនេះត្រូវបានគេរំពឹងថា នឹងមានប្រសិទ្ធិភាពនៅក្នុងបណ្តាប្រទេសអាស៊ានចំនួន ៥ ដែលនៅសល់គឺ ប្រ៊ុយណេ ,កម្ពុជា ,ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីន នៅពេលពួកគេបំពេញនីតិវិធីច្បាប់របស់ពួកគេចប់សព្វគ្រប់។

សមាជិកអាស៊ាន និងជប៉ុន បានចាប់ផ្តើមពិភាក្សាគ្នាទៅលើ AJCEP កាលពីក្នុងឆ្នាំ ២០០៥។ កិច្ចព្រមព្រៀងនេះបានចូលជាធរមាននៅបីឆ្នាំក្រោយ ដោយផ្តោតសំខាន់ទៅលើពាណិជ្ជកម្ម ខណៈដែលកិច្ចពិភាក្សាទាក់ទងនឹងការវិនិយោគ និងសេវាកម្មកំពុងដំណើរការ។

វា គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីដំបូងបង្អស់របស់ជប៉ុន។

ពិធីសារដំបូងនេះ ធ្វើឡើងដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសជប៉ុននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ និងដោយសមាជិកអាស៊ាននៅខែមីនា និងខែមេសា ឆ្នាំ ២០១៩ ។

មាត្រា ៨ នៃពិធីសារនេះបានចែងថា វានឹងចូលជាធរមាននៅថ្ងៃទី១ នៃខែទី២ បន្ទាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងជាលាយលក្ខណ៍អក្សរថា នីតិវិធីច្បាប់ចាំបាច់នានាសម្រាប់ការចូលជាធរមាននៃពិធីសារនេះត្រូវបានធ្វើឡើងចប់សព្វគ្រប់ដោយប្រទេសជប៉ុន និងយ៉ាងហោចណាស់ដោយប្រទេសមួយដែលជាសមាជិកអាស៊ាន។

យោងតាមក្រសួងហិរញ្ញវត្ថុជប៉ុនបានឱ្យដឹងថា បច្ចុប្បន្ននេះ អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ របស់ប្រទេសជប៉ុន បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ ២០១៩ ប្រទេសនេះរកចំណូលបាន ១១,៥៨ទ្រីលានយ៉េន (១១០ប៊ីលានដុល្លារអាមេរិក) ពីការនាំចេញទៅអាស៊ាន ខណៈដែលមានការទិញទំនិញវិញមានតម្លៃ ១១,៧៦ទ្រីលានយ៉េន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)