ប្រទេសថៃរឹតបន្តឹងសន្តិសុខតាមព្រំដែនដើម្បី ដោះស្រាយការចូលទៅក្នុងប្រទេសដោយខុសច្បាប់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០​ — នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានស្នើដល់មេបញ្ជាការយោធាឱ្យបង្កើនវិធានការណ៍សន្តិសុខនៅតាមបន្ទាត់ព្រំដែនរបស់ប្រទេសនេះ ដើម្បីការពាររាល់ករណីសង្ស័យមួយចំនួននៃការចូលទៅក្នុងប្រទេសដោយខុសច្បាប់ពីប្រទេសជិតខាង ក្នុងបរិបទដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនៅតែបន្តមានភាពស្មុគស្មាញនៅឡើយ។

នាយករដ្ឋមន្ត្រីបានចេញបទបញ្ជានេះ នៅក្នុងកិច្ចប្រជុំប្រចាំខែជាមួយមេបញ្ជាការយោធាជាន់ខ្ពស់មួយនៅក្រសួងការពារជាតិ។

នៅក្នុងកិច្ចប្រជុំនេះ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក Kongcheep Tantrawanich បាននិយាយថា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរថៃបានរកឃើញករណីរំលោភ ព្រំដែនខុសច្បាប់ជាច្រើន នឹងបានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ា និង កម្ពុជាមួយចំនួនផងដែរ។

លោក Kongcheep បាននិយាយថា អាជ្ញាធរមានការភ័យខ្លាចផងដែរចំពោះអ្នកដែលត្រូវបានសង្ស័យថា ចូលទៅក្នុងប្រទេសដោយខុសច្បាប់ទាំងនោះមានជំងឺកូវីដ-១៩។

កាលពីថ្ងៃទី២៩ ខែកក្កដា ប្រទេសថៃបានពន្យារពេលនៃការប្រកាសភាពអាសន្ននៅក្នុងប្រទេសរហូតដល់ចុងខែសីហា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បើទោះបីជាប្រទេសនេះមិនបានរកឃើញការឆ្លងថ្មីនៃជំងឺនេះនៅក្នុងសហគមន៍ក្នុងរយៈពេលប្រហែលជា ២ខែចុងក្រោយនេះក៏ដោយ។

រហូតមកដល់ពេលនេះ ប្រទេសថៃបានរាយការណ៍ថា មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣.២៩៨នាក់ ដោយក្នុងនោះ មានអ្នកជំងឺ ៥៨នាក់បានស្លាប់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)