ការកាត់បន្ថយវត្តមានយោធាអាម៉េរិកនៅអឺរ៉ុបមានន័យថា បរិយាកាសមានភាពស្ងប់ស្ងាត់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០​ — អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov មានទំនុកចិត្តថា ប្រទេសរុស្ស៊ីមិនបង្ហាញនូវការគំរាមកំហែងណាមួយដល់បណ្តាប្រទេសនៅអឺរ៉ុបទេ ដូច្នេះទើបមានចំនួនទាហានអាម៉េរិកតិចតួចដែលនៅលើទ្វីបនេះ ដែលនេះជាការកាន់តែប្រសើរឡើង។

អ្នកតំណាងរបស់វិមានក្រឹមឡាំងរុបនេះបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «យើងមិនដែលលាក់បាំងថា ទាហានអាម៉េរិកតិចតួចនៅលើទ្វីបអឺរ៉ុបទេ ដែលវាជាភាពស្ងប់ស្ងាត់នៅអឺរ៉ុប ហើយជំហររបស់យើងត្រូវបានគេស្គាល់ជាពិសេសចាប់តាំងបន្ទាប់ពីការបញ្ចប់នៃសង្រ្គាមត្រជាក់នៅក្នុងប្លុក ដោយមិនមានគ្រោះថ្នាក់ ឬការគំរាមកំហែងពិតប្រាកដណាមួយទេ»។

និយាយអំពីផែនការរបស់សហរដ្ឋអាមេរិកក្នុងការដកទាហានអាម៉េរិកចំនួន ១១.៩០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ អ្នកនាំពាក្យរូបនេះបានហៅការសម្រេចនេះថា ជា «កិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក និងបញ្ហាទំនាក់ទំនងទ្វេភាគីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំង»។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា «យើងនឹងមិនជ្រៀតជ្រែកក្នុងទំនាក់ទំនងទាំងនេះ ឬធ្វើអត្ថាធិប្បាយទៅលើបញ្ហានេះដោយមធ្យោបាយណាមួយឡើយ»។

រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានប្រកាសកាលពីថ្ងៃពុធនូវការដកទាហានអាម៉េរិកចំនួន ១១.៩០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដោយក្នុងនោះទាហានអាម៉េរិកចំនួន ៦.៤០០នាក់នឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ហើយប្រមាណជា ៥.៦០០នាក់ទៀតនឹងត្រូវបានដាក់ឱ្យទៅប្រទេសអ៊ីតាលី និងប្រទេសបែលហ្ស៊ិក ខណៈដែលនៅមានទាហានចំនួន ២៥.០០០នាក់នៅតែស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានអំពីផែនការទាំងនេះនៅពាក់កណ្តាលខែមិថុនា។ លោកបានស្តីបន្ទោសម្តងហើយម្តងទៀតចំពោះប្រទេសអាល្លឺម៉ង់ ពីព្រោះនៅក្នុងគំនិតរបស់លោក អាល្លឺម៉ង់មិនបានចំណាយថវិកាឱ្យបានគ្រប់គ្រាន់ដើម្បីគាំទ្រដល់វិស័យការពារជាតិរបស់អង្គការណាតូ។ នៅពេលមុននេះ លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា លោកមិនបានយល់អំពីមូលហេតុដែលសហរដ្ឋអាមេរិកគួរការពារប្រទេសអាល្លឺម៉ង់ពីប្រទេសរុស្ស៊ីនោះទេ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)