ប្រទេសអាល្លឺម៉ង់ទំនងជាទទួលបានអត្ថប្រយោជន៍ពីការដកកងទ័ពអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ តំណាងអចិន្រ្តៃយ៍របស់រុស្ស៊ីប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន លោក Mikhail Ulyanov បាននិយាយថា ការដកផ្នែកខ្លះនៃកងកម្លាំងសហរដ្ឋអាមេរិកចេញពីអាល្លឺម៉ង់ នឹងមិនប៉ះពាល់ដល់សន្តិសុខនៅក្នុងប្រទេសនេះទេ ហើយទីក្រុងប៊ែកឡាំងទំនងជាទទួលបានផលប្រយោជន៍ពី ចំណាត់ការនេះទៀតផង។

អ្នកការទូតរុស្ស៊ីរូបនេះបានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា «អ្នកសង្កេតការណ៍មួយចំនួនបានបកស្រាយចំពោះការដកកងកម្លាំងអាម៉េរិកចំនួន ១២.០០០នាក់ចេញពីប្រទេស អាល្លឺម៉ង់ ជាការដាក់ទណ្ឌកម្មលើទីក្រុងប៊ែកឡាំង។ ហេតុអ្វី? ប្រទេសអាល្លឺម៉ង់មិនស្ថិតនៅក្រោមការគំរាមកំហែងទេ។ ដូច្នេះ សន្តិសុខនឹងមិនរងផលប៉ះពាល់ទេ។ នយោបាយអាល្លឺម៉ង់ទំនងជានឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចការនេះ [ការដកកងកម្លាំងអាម៉េរិកចេញ]»។

លោក Ulyanov បានកត់សម្គាល់ថា ការសម្រេចចិត្តរបស់រដ្ឋបាលអាម៉េរិកទៅលើការផ្លាស់ប្តូរទីតាំងផ្នែកខ្លះនៃកងកម្លាំងរបស់ខ្លួនអាចប៉ះពាល់តែស្ថានភាពសេដ្ឋកិច្ច នៅក្នុងតំបន់ដែលមានទីតាំងនៅជិតមូលដ្ឋានយោធាអាម៉េរិកប៉ុណ្ណោះ។

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងនាំកងកម្លាំងប្រមាណ ៦.៤០០នាក់ត្រឡប់ទៅផ្ទះវិញ និងផ្លាស់ប្តូរទីតាំងរបស់កងកម្លាំងប្រមាណ ៥.៦០០នាក់ទៅកាន់ប្រទេសអ៊ីតាលី និងបែលហ្ស៊ិកវិញ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)