សិង្ហបុរីកត់ត្រានូវអត្រាគ្មានការងារ ធ្វើខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០​ — យោងតាមក្រសួងកម្លាំងពលកម្មរបស់ប្រទេសសិង្ហបុរី (MOM) បានឱ្យដឹងថា អត្រាគ្មានការងារធ្វើរបស់ប្រទេសសិង្ហបុរីបានកើនឡើងដល់ ២,៩ភាគរយនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ ដែលកើនពី ២,៤ភាគរយកាលពីក្នុងត្រីមាសមុន ដែលនេះជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ការងារសរុប (មិនរាប់បញ្ចូលពលករបរទេសធ្វើការតាមផ្ទះ) បានធ្លាក់ចុះច្រើនជាង ២៥ភាគរយ។

អត្រាអ្នកគ្មានការងារធ្វើរបស់ប្រជាជនក្នុងស្រុកបានកើនឡើងដល់ ៣,៩ភាគរយនៅក្នុងត្រីមាសទី ២ ដែលកើនពី ៣,៣ភាគរយនៅក្នុងត្រីមាសមុន។

គ្រាន់តែក្នុងខែមិថុនា ពលរដ្ឋសិង្ហបុរីចំនួន ៧៩.៦០០នាក់គ្មានការងារធ្វើ។

វិស័យធំៗទាំងបី គឺផលិតកម្ម សេវាកម្ម និងសំណង់ ត្រូវបានមើលឃើញថា មានការធ្លាក់ចុះការងារយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ២ នេះ។

យោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ ៤១,២ភាគរយក្នុងរយៈពេលដែលបានពិនិត្យឡើងវិញ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)