ប្រទេសវៀតណាមស្នើឱ្យមានវិធានការស្តារឡើងវិញនៅអាស៊ានក្រោយជំងឺរាតត្បាត

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃទី ៣០ ខែកក្កដា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM ASEAN របស់ប្រទេសវៀតណាម បានចូលរួមក្នុងកិច្ចពិភាក្សាថ្នាក់ខ្ពស់តាមប្រព័ន្ធអ៊ីនធឺណេត ស្តីពីការស្តារឡើងវិញរបស់អាស៊ានក្រោយជំងឺកូវីដ-១៩ ។

ក្រោមការរៀបចំដោយលេខាធិការដ្ឋានអាស៊ាន កិច្ចពិភាក្សានេះមានគោលបំណងដើម្បីប្រមូលយោបល់ទៅលើការកសាងផែនការមេរបស់ប្លុក ស្តីពីការឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាត និងការស្តារឡើងវិញក្រោយជំងឺរាតត្បាត ដូចដែលបានស្នើដោយមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ កាលពីខែមិថុនា។

កិច្ចប្រជុំនេះបានប្រមូលផ្តុំគណៈប្រតិភូរាប់រយនាក់មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងអង្គការក្នុងតំបន់ និងអន្តរជាតិមួយចំនួន។

លោក Dung ដែលជាប្រធានក្រុមការងារសម្របសម្រួលអាស៊ាន ស្តីពីភាពបន្ទាន់ផ្នែកសុខភាព សាធារណៈ (ACCWG-PHE) បានលើកឡើងថា ការងារស្តារសេដ្ឋកិច្ចឡើងវិញគួរតែត្រូវបានធ្វើឡើងជា ជំហានៗ  ដោយផ្តោតសំខាន់ទៅលើផលិតកម្ម ទេសចរណ៍ និងការដឹកជញ្ជូន ដោយយកចិត្តទុកដាក់បន្ថែមទៀតទៅលើក្រុមដែលជួបការលំបាកនានា។

លោកបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ដើម្បីធានាឱ្យបាននូវគោលដៅទ្វេ នៃការទប់ស្កាត់ជំងឺរាត ត្បាត ខណៈដែលមានការងើបឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

ក្នុងនាមជាប្រធាន ACCWG-PHE លោក Dung បានអំពាវនាវឱ្យមានការចូលរួមពីវិស័យឯកជន អង្គការអន្តរជាតិ និងដៃគូអាស៊ាន ក្នុងការកសាងផែនការដំបូងនៃសេចក្តីព្រាងក្របខ័ណ្ឌផែនការ។

ផែនការមេដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ គ្រោងនឹងដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ក្នុងខែវិច្ឆិកា។

នៅក្នុងកិច្ចសន្ទនានេះ អ្នកជំនាញមកពីធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានចង្អុលបង្ហាញអំពីទស្សនវិស័យសេដ្ឋកិច្ចអាប់អួរសម្រាប់តំបន់ និងពិភពលោក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)