ធនាគារពិភពលោកជួយប្រទេសវៀតណាមទប់ទល់នឹងបញ្ហាជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃទី ៣០ ខែកក្កដា ធនាគារពិភពលោក (WB) និងធនាគាររដ្ឋវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយឥតសំណងមួយដែលមានតម្លៃ ៦,២លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពតាមដាន នឹងធ្វើតេស្តសម្រាប់ជំងឺកូវីដ-១៩ សមត្ថភាពស្រាវជ្រាវសម្រាប់វ៉ាក់សាំងជំងឺកូវីដ១៩ និងឧបករណ៍ធ្វើតេស្ត និងការទំនាក់ទំនងអំពីការរាតត្បាត។

លោក Stefanie Stallmeister នាយកស្តីទីប្រចាំប្រទេសរបស់ធនាគារពិភពលោកនៅវៀតណាមបាននិយាយថា «ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមកំពុងមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស»។

លោកបាននិយាយថា «ប្រតិបត្តិការបន្ទាន់នេះនឹងមិនត្រឹមតែគាំទ្រដល់រដ្ឋាភិបាលក្នុងការឃ្លាំមើល នឹងឆ្លើយតបភ្លាមៗទៅនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងការកសាងប្រព័ន្ធសុខាភិបាលដែលអាចទ្រទ្រង់បានសម្រាប់សុខភាពបន្ទាន់នាពេលអនាគតផងដែរ»។

គម្រោងនេះនឹងពង្រឹងសមត្ថភាពនៃប្រព័ន្ធមន្ទីរពិសោធន៍នៅវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត (NIHE) និងប្រព័ន្ធមន្ទីរពិសោធន៍ផ្សេងៗទៀតនៅទូទាំងប្រទេសវៀតណាម ដោយជួយបង្កើនសមត្ថភាពវាយតម្លៃភាពស៊ាំរបស់សហគមន៍ទៅនឹងជំងឺកូវីដ-១៩ ។

ជំនួយនេះក៏នឹងផ្តល់ថវិកាដល់ការផ្គត់ផ្គង់ឧបករណ៍ ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតវ៉ាក់សាំង និងជីវសាស្រ្ត (POLYVAC) សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងថ្មី ព្រមទាំងការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់រហ័សផងដែរ។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងគាំទ្រដល់មន្ទីរពិសោធន៍ចំនួន ២០០ ដែលពាក់ព័ន្ធនឹងការឃ្លាំមើល នឹងការធ្វើតេស្តពិនិត្យតាមដាន និងពិនិត្យសុខភាពនៅក្នុងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៅទូទាំងប្រទេស។ គាំទ្រដល់ NIHE និង POLYVAC ដែលជាស្ថាប័នសុខភាពសាធារណៈ និងស្រាវជ្រាវ និង ផលិតវ៉ាក់សាំងឈានមុខគេរបស់ប្រទេសវៀតណាម ព្រមទាំងចូលរួមចំណែកដោយផ្ទាល់ដល់ការកែលម្អសមត្ថភាពរបស់ប្រទេសនេះក្នុងការស្វែងរក និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)