ក្រុមការងារចម្រុះរបស់ MRCចាប់ផ្តើមពិនិត្យលើគម្រោងទំនប់វារីអគ្គិសនីសាណាខាំ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៣ ០៨ ២០២០


MC: គណៈកម្មាធិការសម្រាប់ក្រុមការងារចម្រុះ នៃគណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC ចាប់ផ្តើមដំណើរការពិគ្រោះយោបល់មុន៦ខែ សម្រាប់ទំនប់វារីអគ្គិសនីសាណាខាំ(Sanakham) ដែលប្រទេសឡាវបានស្នើសុំសាងសង់។
លោកបណ្ឌិត Somkiat Prajamwong ប្រធានគណៈកម្មាធិការចម្រុះ នៃMRC សម្រាប់ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមការងារចម្រុះ បានជ្រើសរើសយកថ្ងៃទី៣០ ខែកក្កដា ជាកាលបរិច្ឆេទចាប់ផ្តើមពិគ្រោះយោបល់លើភាពបត់បែននៃសំណើសុំសាងសង់ទំនប់វារីអគ្គិសនីសាណាខាំរបស់ប្រទេសឡាវ។
លោកមានប្រសាសន៍ថា «ជាមួយនឹងការផ្តល់យោបល់ពីអង្គការសង្គមស៊ីវិល និងមេរៀនដែលទទួលបានពីដំណើរការពិគ្រោះយោបល់កន្លងមក ស្របពេលការផ្ទុះឡើងនៃជំងឺកូវីដ១៩
យើងចង់ធានាថាការពិគ្រោះយោបល់លើគម្រោងអគ្គិសនីសាណាខាំ ត្រូវបានធ្វើឡើងប្រកបដោយលក្ខណៈបត់បែនបន្ថែម និងមានអត្ថន័យ»។ លោកបន្តថា ការផ្តល់ពេលវេលា និងមធ្យោបាយកាន់តែច្រើន នឹងអាចដឹងពីសំឡេងនៃទុក្ខកង្វល់របស់សហគមន៍ និងប្រទេសដែលរងផលប៉ះពាល់ សម្រាប់ប្រទេសឡាវដើម្បីពិចារណា។
រដ្ឋាភិបាលប្រទេសឡាវ បានដាក់សំណើពិគ្រោះយោបល់លើគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គសាណាខាំ ដែលនៅចន្លោះខេត្តសាយ៉ាបូរី និងខេត្តវៀងចន្ទ ដើម្បីផលិតថាមពលអគ្គិសនីពេញមួយឆ្នាំបាន៦៨៤មេហ្កាវ៉ាត់ ខណៈគម្រោងចំនួន៥ទៀតរួមមាន៖ ទំនប់វារីអគ្គិសនីសាយ៉ាបូរី ដនសាហុង ប៉ាក់បេង ប៉ាក់ឡាយ និងលួងប្រាបាង បាននឹងកំពុងដាក់ឆ្លងកាត់ដំណើរការពិគ្រោះយោបល់ជាមុនទៅលើផលប៉ះពាល់ឆ្លងដែន ដែលអាចកើតមានលើបរិស្ថាន
លំហូរទឹក គុណភាពទឹក និងជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លេ។
MRC បានបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលឡាវ បានផ្តល់នូវសំណុំឯកសារវិស្វកម្ម និងការសិក្សាលទ្ធភាពគម្រោងក្នុងកម្រិតបច្ចេកទេស រួមមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោងទំនប់វារីអគ្គិសនីសាណាខាំ ព្រមទាំងការសិក្សាលើកំណកកករ និងជលផលទៅកាន់ប្រទេសជាសមាជិករួមមាន៖ ប្រទេសកម្ពុជា ថៃ និងវៀតណាម ដើម្បីទទួលបានការពិគ្រោះយោបល់ និងការឯកភាព សម្រាប់ការសាងសង់ ក្រោមដើមទុនជាង២ពាន់លានដុល្លារអាមេរិក ដើម្បីលក់ថាមពលអគ្គសនីទៅឱ្យប្រទេសជិតខាង៕