ថ្ងៃទី៧សីហា CAMSOC នឹងប្រកាសជ័យលាភីស្នាដៃ និងរាប់ថយក្រោយ១០០០ថ្ងៃ ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ថ្ងៃទី៧សីហា CAMSOC នឹងប្រកាសជ័យលាភីស្នាដៃ និងរាប់ថយក្រោយ១០០០ថ្ងៃ ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា
CAMSOC : គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ហៅកាត់ គ.ជ.ប.អ(CAMSOC) បានកំណត់យកថ្ងៃទី៧ខែ សីហាឆ្នាំ២០២០ខាងមុខនេះ ប្រារព្ធកម្មវិធីដ៏ធំមួយ ស្តីពីការប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់ថា តាមការគ្រោងទុកពិធីនេះ នឹងត្រូវធ្វើឡើងនាវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ សីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។ ចំពោះរបៀបវារៈសំខាន់ៗរួមមាន៖ ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា , របាំជូនពរ, សុន្ទរកថាស្វាគមន៍ដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC, មតិសំណេះសំណាល និងការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់, ពិធីប្រកាសបេក្ខជន បេក្ខនារី ដែលជាម្ចាស់ជ័យលាភី ស្លាកសញ្ញា-និមិត្តសញ្ញាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេ មឆ្នាំ២០២៣ និងជូនរង្វាន់លើកទឹកចិត្ត ។ ចំណាប់អារម្មណ៍របស់ជ័យលាភី ការសម្តែងសិល្បៈនិងពិធីរាប់ថយក្រោយ១០០០ថ្ងៃសន្ធឹកស្គរជ័យ។ ចំពោះបាវចនារបស់សីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺ «កីឡារស់ក្នុងសន្តិភាព-SPORT LIVE IN PEACE»។
សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការមានចំនួន ១០០០ថ្ងៃគត់។ រីឯការទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ ២០២៣ បន្ទាប់ពីបញ្ចប់ស៊ីហ្គេមលើកទី ៣២ រយៈពេលជាង១០ថ្ងៃ ដែលមាន កាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២៣៕