អភិបាលខេត្តកំពង់ចាម បំផុសប្រជា ពលរដ្ឋឲ្យដាំដើមឈើ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទប់ស្កាត់ការប្រែ ប្រួលអាកាសធាតុ

វិទ្យុជាតិកម្ពុជាៈលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម

នៅក្នុងពិធីដាំដើមឈើ ប្រភេទដើមក្ងោក ប្រមាណជា ៥០០ ដើមនៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍បំផុសឲ្យប្រជាពលរដ្ឋ ស្រឡាញ់ និងដាំដើមឈើ ដើម្បីលើក កម្ពស់វិស័យទេសចរណ៍ និងបានរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ ។ 

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា រមណីយដ្ឋានប្រាសាទនគរបាជ័យ ដែលជារមណីយដ្ឋានមួយជាប់នឹងក្រុងកំពង់ចាមនេះ នឹងត្រូវអភិវឌ្ឍជាបន្តបន្ទាប់ រៀបចំកែប្រែឲ្យមានសោភ័ណភាព កាន់តែស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តទស្សនានៅទីនេះឱ្យបានច្រើន ។ 

ឯកឧត្តម បន្តថា ដើមឈើដែលត្រូវដាក់ដាំនៅជុំវិញប្រាសាទនគរបាលជ័យ អមសងខាងផ្លូវបេតុងទើបសាងសង់រួច ប្រវែងជិត ២ ពាន់ម៉ែត្រ គឺជាប្រភេទដើមក្ងោក ប្រភេទឈើលំអរ ដែលមានផ្កាពណ៌លឿង ត្រូវបាននាំចូលពីបរទេស តាមរយៈ ឯកឧត្ដមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រភេទឈើប្រណីតផ្សេងៗទៀតដែលត្រូវដាក់ដាំនៅក្នុងបរិវេណប្រាសាទនគរបាជ័យផងដែរ ដើម្បីកែប្រែតំបន់នេះឲ្យក្លាយទៅជា តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ និងប្រវត្តិសាស្រ្ត ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានរំពឹងទុកថា រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ បន្ទាប់ពីបានអភិវឌ្ឍ ប្រាកដជាអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្តនិងទស្សនាច្រើនកុះករមិនខានឡើយ។ 

តែទោះយ៉ាងណាក្ដី ឯកឧត្តមអភិបាល ខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន សូមជួយថែរក្សាសមិទ្ធផលនេះ ឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍យើងទាំងអស់ គ្នា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងអត្ថប្រយោជន៍ក្នុងការទប់ ស្កាត់ ការប្រែប្រួលអាកាសធាតុផងដែរ ៕