សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំកំពុងទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ដច្រើនមិនចាញ់កន្លែងផ្សេងឡើយ

វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា MC៖សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំកំពុងទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ដច្រើនមិនចាញ់កន្លែងផ្សេងឡើយ ខណៈកន្លែងនោះជាតំបន់ទេសចរណ៍បែបធម្មជាតិថ្មីរបស់ខេត្តគួអោយចង់ទស្សនាមិនចេះជិនណាយ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្ដកំពង់ធំបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា សហគមន៍ផាត់សណ្ដាយ ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ជាភូមិបណ្ដែតទឹកបានប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិដែលមានសក្កានុពល និងមានសោភ័ណភាពស្រស់ស្អាត បន្ទាប់ពីប្រជាពលរដ្ឋបានចាប់ដៃរួមគ្នាថែរក្សាសម្បត្ដិធម្មជាតិមួយនេះ នឹងមានការគាំទ្រពីអង្គការហ្វេក។
លោកប្រធានមន្ទីរបញ្ជាក់ថា តំបន់អេកូទេសចរណ៍ធម្មជាតិនេះ បានបង្កើតប្រាក់ចំណូល និងការងារជូនប្រជាពលរដ្ឋនៅសហគមន៍បានយ៉ាងច្រើន តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរតាមទូកទស្សនាព្រៃលិចទឹក លក់ម្ហូបអាហារបែបធម្មជាតិ លក់វត្ថុអនុស្សាវរីយ៍ និងជួលកន្លែងស្នាក់នៅឱ្យភ្ញៀវជាដើម។
លោកបានបញ្ជាក់ទៀតថា ការបង្កើតឱ្យមានតំបន់អេកូទេសចរណ៍ធម្មជាតិនេះ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រជាសហគមន៍ប៉ុណ្ណោះទេ ព្រមទាំងបានចូលរួមចំណែករថែរក្សា និងអភិរក្សធនធានជលផល ព្រៃឈើ មច្ឆជាតិ និងជីវៈចម្រុះនៅក្នុងតំបន់នេះផងដែរ។
ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ បន្ដចូលរួមថែរក្សាអនាម័យ និងបរិស្ថានឱ្យបានល្អ ដើម្បីថែរក្សាសម្បត្ដិធម្មជាតិឱ្យមានសោភ័ណភាពស្រស់ស្អាតដែលទាក់ទាញភ្ញៀវចរកាន់តែច្រើន។
សូមបញ្ជាក់ថា សហគមន៍ឃុំផាត់សណ្ដាយខេត្ដកំពង់ធំ មានព្រៃលិចទឹកមានទំហំជាង២៣.០០០ហិកតាគ្រប់គ្រងដោយសហគមន៍ បឹងធម្មជាតិចំនួន២០ និងព្រែកមានចំនួន៥កន្លែង ដែលមានទំហំប្រមាណជា៦០ហិកតា ហើយប្រជាពលរដ្ឋ៩០ភាគរយប្រកបមុខរបជាអ្នកនេសាទ៕