៥ខែដើមឆ្នាំនេះភ្ញៀវទេសចរទៅលេងកំសាន្តខេត្តកោះកុងមានការកើនឡើងគួរឲ្យកត់សម្គាល់

វិទ្យុជាតិកម្ពុជា៖ ស្រីផល
MC៖ ៥ខែដើមឆ្នាំនេះភ្ញៀវទេសចរទៅលេងកំសាន្តខេត្តកោះកុងមានការកើនឡើងគួរឲ្យកត់សម្គាល់ដោយសារតែខេត្តនេះ សំបូរទៅដោយតំបន់ទេសចរណ៍គួឱ្យទាក់ទាញយ៉ាងច្រើន។

លោកសាគន្ធ ភក្តីអនុប្រធានការិយាល័យព័ត៌មានទេសចរណ៍ នៃមន្ទីរទេសចរណ៍កោះកុង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តកោះកុងកំពុងតែទទួលបានភ្ញៀវទេសចរទៅលេងកំសាន្តច្រើនជាងមុន បន្ទាប់ពីស្ងាត់មួយរយះ ដោយសារតែការកើតឡើង នូវជំងឺកូវីត១៩ ។
លោកបានបន្តថា ភ្ញៀវទេសចរដែលទៅលេងកំសាន្តនៅក្នុងខេត្តនេះ មានការកើនឡើងពី២៥ទៅ៥០ភាគរយ ដែលមានភ្ញៀវជាតិនិងអន្តរជាតិសរុប ប្រហែល៥០០០០នាក់ ដោយរាប់បញ្ជូលភ្ញៀវដែលមកលេងតាមតំបន់រម្មណីយដ្ឋាន និងការទទួលសេវាកម្មស្នាក់នៅ ។
លោកបន្តទៀតថា តំបន់ដែលសំបូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្ត មានដូចជា៖ រមណីយដ្ឋានព្រៃកោងកាង (បាងកាយ៉ាក) ឆ្នេរសមុទ្រកោះយ៉(ឆ្នេរប៉ាកខ្លង) ទឹកជ្រោះតាតៃ ទឹកជ្រោះតាប៉ន កោះសេ្តច ស្ទឹងពពក និងតំបន់ច្រកទ្វាអន្តរជាតិកម្ពុជា-ថៃចាំយាមជាដើម។
សម្លេង៖« ចំពោះខេត្តកោះកុងយើងផ្ទាល់ គឺមានតំបន់សក្ដានុពលបែងចែកជាបីតំបន់ គឺមានតំបន់ឆ្នេរ តំបន់ភ្នំ និងតំបន់ព្រៃលិចទឹក គឺព្រៃកោងកាង បែងចែកជា ៣តំបន់ហ្នឹង ហើយចំពោះតំបន់ដែលមានការពេញនិយម សំរាប់ភ្ញៀវទេសចរតែម្ដង គឺតំបន់ឆ្នេរដែលទាក់ទាញពួកគាត់ខ្លាំង ដោយសារតែមួយរយៈនេះមានឆ្នេរស្អាត ហើយចំពោះរមណីយដ្ឋានដែលយើងទើបតែបង្កើតថ្មី គឺនៅខាងស្រុកស្រែអំបិល មានឆ្នេរនេសាទនិងឆ្នេរកោងកាង ដែលពួកគាត់អាចបោះតង់សម្រាកលំហែ ហើយនិងសេវាកម្មស្នាក់នៅគឺសមរម្យ ហើយមួយទៀតគឺស្ទឹងពពក ស្ទឹងពពកនិងជាតំបន់មានសក្តានុពលខ្ពស់ ដែលក្នុងមួយរយៈពេលចុងក្រោយនេះដែល មានការល្បីល្បាញ ហើយចំពោះព្រៃលិចទឹកវិញ គឺសំដៅទៅលើព្រៃកោងកាង ក៏ទទួលបានភ្ញៀវទេសចរជាតិគាំទ្រច្រើនមែនទែន»។
លោកបន្តថា ខណៈដែលមានភ្ញៀវទេសចរទៅលេងកំសាន្តច្រើន ខាងមន្ត្រីមន្ទីរទេសចរ ក៍បានចុះអប់រំផ្សព្វផ្សាយ ក៏ដូចជាវិធានការ ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីត១៩ ដើម្បីអោយពួកគាត់ប្រុងប្រយ័ត្ននិងការពារខ្លួនជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ខេត្តកោះកុង ជាខេត្តជាប់តំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ជាខេត្តដែលមានឆ្នេរសមុទ្រវែងជាង គេក្នុងចំណោមខេត្តទាំងបួន ហើយសម្បូរទៅដោយកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាសក្ដានុពលដ៏សំខាន់របស់ខេត្ត ក្នុងនោះមានកោះចំនួន ២៣ កោះ និងឆ្នេរ សមុទ្រប្រវែង ២០៦ គីឡូម៉ែត្រ៕