ក្រសួងការងារប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតជាង១២០០០នាក់នៅរោងចក្រសហគ្រាសចំនួន៧៩

វិទ្យុជាតិកម្ពុជា៖ ស្រីផល
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិតសរុបជាង១២០០០នាក់ នៅរោងចក្រសហគ្រាសចំនួន៧៩ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ។

យោងតាមសេចក្តីប្រកាសព័ត៏មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចំពោះកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ចំនួនជាង១២០០០នាក់ នៃរោងចក្រសហគ្រាសចំនួន៧៩ នៃវិស័យកាត់ដេរ និងទេសចរណ៍ ដែល ទទួលបានប្រាក់ឧបត្ថម្ភលើកទី១ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រដ្ឋាភិបាល គឺធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភលើកទី ២ របស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មក ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។
ក្រសួងដដែលបានបន្តថា ប្រាក់ឧបត្ថម្ភលើកទី២នេះ នឹងត្រូវបានបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖
*៤០៥០០រៀល សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១១ថ្ងៃដល់២០ថ្ងៃ
* ៨០១០០រៀល សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី២១ថ្ងៃដល់៣០ថ្ងៃ
*២០២៥០០រៀល សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី៣១ថ្ងៃដល់៣៩ថ្ងៃ
*២៤៣០០០រៀល សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី៥០ថ្ងៃដល់២ខែ។
ក្រសួងសូមរំលឹកថា ធនាគារឯកទេសវីង និងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទ ពីធនាគារឯកទេសវីង។
ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនេះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ។
សូមបញ្ជាក់ថា កម្មករនិយោជិតទាំងអស់មិនតម្រូវឱ្យបងថ្លៃសេវា ទៅភ្នាក់ងារវិងឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ។ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រសហគ្រាសទាំង៧៩ នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីងនោះ សូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រសហគ្រាសរបស់ខ្លួន ៕