អាជ្ញាធរខេត្តព្រះសីហនុប្រាប់ឱ្យអាជីវករលក់ដូរម្ហូបអាហារនិងផ្ទះសំណាក់កុំតម្លើងថ្លៃក្នុងឱកាសថ្ងៃឈប់សំរាក៥ថ្ងៃ

វិទ្យុជាតិកម្ពុជា: ដោយលោកស្រី ទុយ សូលីដា
MC៖មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានចុះណែនាំដល់អាជីវករលក់ដូរម្ហូបអាហារ និងម្ចាស់ផ្ទះសំណាក់ កុំតម្លើងថ្លៃនៅក្នុងឱកាសថ្ងៃឈប់សំរាកចំនួន៥ថ្ងៃ ដើម្បីទាក់ទាញនូវភ្ញៀវទេសចរអោយមកកំសាន្តបានកាន់តែច្រើន ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុបានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ជារៀងរាល់ពេល ដែលមានថ្ងៃឈប់សំរាក និងមានបុណ្យទានផ្សេងៗ មន្ទីរទេសចរណ៍ខេត្ត តែងតែចុះពង្រឹងសណ្ដាប់ធ្នាប់ អនាម័យ និងសុវត្ថិភាពតាមទូកទេសចរណ៍ ជូនភ្ញៀវគ្រប់ទីតាំងនៅតាមរមណីយដ្ឋានទាំងអស់ ។
លោកប្រធានបន្តថា ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា បានប្រកាសថ្ងៃឈប់សម្រាក ជំនួសថ្ងៃបុណ្យចូលឆ្នាំ គឺគិតចាប់ពី ថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០២០មក មន្ទីរទេសចរណ៍ខេត្តបាន ធ្វើលិខិតបង្គាប់ការ ដល់មន្ត្រីក្រោមឱវាទអោយចុះណែនាំតាមតំបន់កម្សាន្តផ្សេងៗពីបញ្ហាតម្លៃម្ហូបអាហារ ផ្ទះសំណាក់បន្ថែមទៀត ដើម្បីទទួលស្វាគមន៍នូវកំណើនភ្ញៀវទេសចរឲ្យបានល្អប្រសើរ ។
សំឡេង៖ «មុនបុណ្យទានអញ្ចឹង យើងតែងតែចុះណែនាំដល់ពួកគាត់ ចុះបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសេវាកម្មផ្សេងៗ តែងតែមានសេចក្តីជូនដំណឹងណែនាំ ពីក្រសួងទេសចរណ៍ អញ្ជឹងយើងចុះណែនាំ យើងចែកលិខិត ដើម្បីអោយគាត់ចូលរួម ទី១ត្រូវដាក់តម្លៃអោយគេដឹង សូមអោយអាជីវករចូលរួម គាត់ឡើងថ្លៃ តែកុំអោយហួសហេតុ វាអាចប៉ះពាល់ដល់សតិអារម្មណ៍ភ្ញៀវ បើកាលណាមានភ្ញៀវច្រើន បំពេញសេវាមិនគ្រប់គ្រាន់ ហើយតម្លៃថ្លៃទៀត ថ្ងៃក្រោយគេលែងមកលេងខេត្តយើងហើយ កុំចង់ចំណេញតែមួយពេល ហើយខាតបង់នៅពេលក្រោយ » ។
លោកប្រធានបន្ថែមថា មន្ទីរបានយកចិត្តទុកដាក់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ នៅតាមឆ្នេរ ចំណតឡាន បន្ទប់ទឹក ពង្រឹងសុវត្ថិភាព ជូនភ្ញៀវទេសចរ និងចូលរួមទប់ស្កាត់ឲ្យបានជាអតិបរមា នូវរាល់ហេតុការណ៍ទាំងឡាយណា ដែលអាចកើតឡើងជាឧបទ្ទេវហេតុ ។
សូមបញ្ជក់ថា តំបន់ទេសចរណ៏នៅខេត្តព្រះសីហនុសំខាន់ៗមានដូចជា តំបន់កោះមានចំនួន ៣២ កន្លែង និងតំបន់ឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុង ដែលចេញមកពីភាគខាងជើង ទៅភាគខាងត្បូង មានដូចជា ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូឈឺទាល និងឆ្នេរអូត្រេស ៕