ក្រសួងមហាផៃគ្រោងបង្កើតក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្លើយតបតម្រូវការប្រជាពលរដ្ឋឱ្យទាន់ពេលវេលា

វិទ្យុជាតិកម្ពុជា៖ លោកស៊ុន សំនៀង

ភ្នំពេញ ក្រសួងមហាផ្ទែ គ្រោងបង្កើតក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែល​ជួបបញ្ហាគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន លេខាធិការដ្ឋាន​គ្រប់​គ្រងគ្រោះមហន្ដរាយ មានប្រសាសន៍ថា ការបង្កើតក្រុមការងារគ្រប់គ្រងគ្រោះមហន្ដរាយនេះ បន្ទាប់ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជាបានចេញសារាចរ តម្រូវឲ្យក្រសួងស្ថាប័ន របស់រដ្ឋទាំង​អស់បង្កើត យន្តការ​គ្រប់គ្រង គ្រោះមហន្តរាយ នៅក្នុង ក្រសួងស្ថាប័ន របស់រដ្ឋទាំងអស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការ​គ្រប់គ្រង និងសម្របសម្រួលការងារ គ្រប់គ្រងគ្រោះមហន្តរាយ ដែលអាចកើតមានឡើង ជាយថាហេតុ ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី ការបង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយរបស់ក្រសួងមហា​ផ្ទៃកាល​ពីព្រឹកថ្ងែទី៣១ ខែកក្កដា ២០២០ នៅទីស្តីការក្រសួងមហាផៃ្ទ ឯកឧត្តមបន្ដថា ក្រសួងមហាផ្ទៃពិត​​ជាដើរតួនាទី​សំខាន់​ណាស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាចុះជួយ​​ប្រជាពលរដ្ឋ​​ដែលជួបការលំបាកផ្សេងៗ​ឱ្យទាន់ពេលវេលា និងចំគោលដៅ។

យោងតាមសារាចរ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៤មករា ឆ្នាំ២០២០បានបញ្ជាក់ថាអនុលោម តាមមាត្រា៨ នៃច្បាប់ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងសម្របសម្រួល​ការងារគ្រប់គ្រងគ្រោះមហន្តរាយ រាជរដ្ឋាភិបាល សូមដាក់ចេញនូវវិធានការ ដូចខាងក្រោម ៖១៖ គ្រប់ក្រសួង ស្ថាប័នត្រូវបង្កើត ឱ្យមានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ដែលជាយន្តការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីបំពេញមុខងារ ជាសេនាធិការ ផ្ទាល់ដល់រដ្ឋមន្ត្រី និងប្រធានស្ថាប័ន ដែល​ជាអនុប្រធាន ឬជាសមាជិក របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លើការងារដឹកនាំគ្រប់គ្រង គ្រោះមហន្តរាយ ក្នុងវិស័យជំនាញរបស់ខ្លួន ដោយសហការជាមួយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និង២៖ គ្រប់ក្រសួង ស្ថាប័នត្រូវចាត់ឱ្យមានមន្ត្រីបង្គោល ដើម្បីសម្របសម្រួល និងធ្វើការប្រាស្រ័យទាក់ទង ជាប្រចាំជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៕