មន្ត្រីជំនាញក្រសួងសាធារណកា ពិភាក្សាផ្ទៃក្នុងលើសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូត្រង់មាត្រា៩ ជំពូកទី៣ ស្ដីពីគោលការណ៍ទូទៅ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួង​​សាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារអន្តរក្រសួង បានបើកកិច្ចប្រជុំពិភា​​ក្សាបន្ត​​លើសេចក្តី ព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួង ដើម្បីពិនិត្យពិភាក្សាលើមាត្រា៩ ជំពូកទី៣ ស្ដីពីគោលការណ៍ទូទៅ សំដៅឱ្យការរៀបចំសេចក្ដីព្រាង​ក្នុងមាត្រា​នេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ងាយយល់ ងាយអនុវត្ត និងបម្រើប្រយោជន៍រួម មុនដាក់ឆ្លងកិច្ចប្រជុំក្រុមការងារអន្តរក្រសួងទាំងមូល។

គួរកត់សម្គាល់ថា៖ ខ្លឹមសារក្នុងមាត្រា៩ ត្រូវបានបញ្ចូលនូវគោលការណ៍ច្បាប់ជាមូលដ្ឋានក្នុងគោលបំណងថែរក្សាអនាម័យបរិស្ថានស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ ធ្វើឱ្យប្រសើរឡើងដល់ការប្រមូលទឹកកខ្វក់ ការរចនាគម្រោងប្លង់អភិវឌ្ឍន៍ ការសាងសង់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូតាមកម្រិតបទបញ្ញត្តិបច្ចេកទេស និងស្តង់ដាបរិស្ថាន។

ឯកឧត្តមបានជំរុញលើកទឹកចិត្តឱ្យសមាជិកក្រុមការងារទាំងអស់ខិតខំប្រឹងប្រែងស្រាវជ្រាវរកឯកសារពាក់ព័ន្ធបន្ថែម ដើម្បីឱ្យសេចក្ដីព្រាងច្បាប់នេះមានសន្ទុះទៅមុខកាន់តែលឿន និងអាចសម្រេចបានជារូបរាងឡើង។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំ ដែលបានចូលរួមផ្ដល់ធាតុចូលយ៉ាងផុលផុស និងប្រកបដោយខ្លឹមសារ ព្រមទាំងបានស្នើឱ្យក្រុមការងារពិនិត្យឱ្យបានល្អិតល្អន់ និងស៊ីជម្រៅនូវឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយ ក៏ដូចជាសិក្សាគំរូច្បាប់របស់ប្រទេសនានា ដើម្បីជាមាគ៌ាក្នុងការរៀបចំសេចក្ដីព្រាងច្បាប់នេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕