ក្រសួងបរិស្ថានណែនាំឲ្យសហគមន៍ទេសចរណ៍កែច្នៃម្ហូបខ្មែរប្រចាំតំបន់ដើម្បីបំរើភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០


MC. ក្រសួងបរិស្ថានណែនាំឲ្យសហគមន៍ទេសចរណ៍កែច្នៃម្ហូបខ្មែរប្រចាំតំបន់របស់ខ្លួនដើម្បីបំរើភ្ញៀវទេសចរ ដែលអាចទាញយកប្រភពចំណូលបានច្រើន។
អ្នកយកព័ត៌មានយើងខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍៖
ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងបរិស្ថាន បានជំរុញឲ្យសហគមន៍មូលដ្ឋាន ធ្វើការទាញយក គុណតម្លៃ នៃអនុផលព្រៃឈើ ដែលជាប្រភេទអាហារគ្រឿងទេស និងឱសថ មកកែច្នៃ រៀបចំប្រើប្រាស់ឲ្យអស់លទ្ធភាព បង្កើតជាមុខម្ហូបអាហារប្រចាំមូលដ្ឋាន និងការផ្តល់ជូននូវសេវាកម្មម្ហូបអាហារប្រចាំមូលដ្ឋាន ដែលមានឱជារស់ មានសុវត្ថិភាព មានអនាម័យ និងអាចទទួលបានប្រាក់ចំណូលបន្ថែមនៅក្នុងប្រព័ន្ធសេវាកម្ម ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារ ធម្មជាតិ និងរមណីដ្ឋានទេសចរណ៍នានា។
ថ្លែងបែបនេះនៅក្នុងវេទិការ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ(ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ)នាសាលប្រជុំសាលាខេត្តសៀមរាបនៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះឯកឧត្តមសៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា បច្ចុប្បន្នដោយសារវិបត្តិនៃជំងឺកូវីដ១៩ ធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះស្ទើរទាំងស្រុង ប៉ុន្តែចំពោះភ្ញៀវទេសចរជាតិវិញគឺមិនកាត់បន្ថយឡើយ ដូច្នេះនៅតាមសហគមន៍ទេសចរណ៍ត្រូវតែបង្កើនការធ្វើកសិកម្មដោយខ្លួនឯង ទាញយកអនុផលព្រៃឈើសំខាន់ៗ ដើម្បីផ្គត់ផ្គងនៅតាមមូលដ្ឋានរៀងៗខ្លួន និងដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិជាដើម។ ឯកឧត្តមបន្តថា ខេត្តសៀមរាបជាប៉ូលទេសចរណ៍មួយដ៏សំខាន់ ប៉ុន្តែការ ផ្គត់ផ្គង់ម្ហូបអាហារដល់ភ្ញៀវទេសចរនៅមិនទាន់គ្រប់គ្រងបាននៅឡើយ ពោលគឺនៅមានការនាំចូលពីបណ្តាប្រទេសជិតខាង ជាពិសេសប្រទេសថៃ និងដោយកត្តាជីវជាតិដីមិនសូវជាអំណោយផលផងនោះ ដែលធ្វើឲ្យផលិកម្មស្បៀងមិនទាន់ឆ្លើយតបនិងតម្រូវការ។ដូច្នេះបើសហគមន៍ទេសចរណ៍ទំាងអស់ចេះកែច្នៃម្ហូបអាហារ ចេញពីផលិតផលកសិកម្មរបស់ ខ្លួននៅមូលដ្ឋាន នោះនឹងអាញទាញយកប្រភពចំណូលបានច្រើននៅក្នុងសហគមន៍។
សំឡេង៖ឥឡូវកំពុងប្រឈមនិងកូវីដ ភ្ញៀវទេសចរក្នុងស្រុកយើងបានចេញទស្សនា តាមតំបន់ការពារធម្មជាតិច្រើនណាស់ ចុងសប្តាហ៍តាមទីតាំងដែលមានភាពទាកទាញមានសក្តានុពលទេសចរណ៍ ទោះបីថាមានសេវា មិនមានសេវា គឺប្រជាពលរដ្ឋអញ្ចើញទៅជាលក្ខណៈគ្រួសារ រហូតមកទល់ពេលនេះមានសេចក្តីរាយការណ៍ថា ក្នុង១ខែមានប្រមាណ៦៥ម៉ឺននាក់ជាង តាមគោលដៅសំខាន់ៗ ចឹងសហគមន៍មូលដ្ឋានអាចជំរុញយ៉ាងម៉េច៦៥ម៉ីននាក់ឬកើនឡើងក្នុងថ្ងៃខាងមុខ ថាតើសហគមន៍របស់យើងអាចប្រែក្លាយការកើនឡើងទេសចរទៅជាកាលានុវត្តភាពយ៉ាងម៉េច ដើម្បីរកប្រាក់ចំណូលជូនគ្រួសារ សហគមន៍ ដើម្បីបង្កើតចំណូល ការងារហើយកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ យើងមានសហគមន៍១៧៤ ក្នុងនោះ២២សហគមន៍បំរើសេវាកម្មទេសចរណ៍ មានគម្រោងខ្នាតធំ ខ្នាតតូច ដែលស្ថិតនៅតំបន់ការពារ នេះគឺជាចំណុចដែលយើងប្រើប្រាស់ជាមូលដ្ឋាន ក្នុងការជំរុញទេសចរធម្មជាតិ និងជំរុញផលិកម្មអាហារមូលដ្ឋានដើម្បីទាកទាញទេសចរ។
សូមជម្រាបផងដែរថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានបានរៀបចំបង្កើត និងប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន១៧៤ នៅក្នុងខេត្តចំនួន១៦ ដែលមានតំបន់ការពារធម្មជាតិ ដែលក្នុងនោះសហគមន៍ចំនួន២២កំពុងផ្តល់់សេវាកម្មទេសចរណ៍ធម្មជាតិ៕