ធនាគារអភិវឌ្ឍន៍ជនបទសម្រេចទម្លាក់អត្រាការប្រាក់ឲ្យកាន់តែទាបដល់វិស័យកសិកម្ម

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣១ ០៧ ២០២០


MC៖ ធនាគារអភិវឌ្ឍន៍ជនបទសម្រេចទម្លាក់អត្រាការប្រាក់ឲ្យកាន់តែទាបដល់វិស័យកសិកម្ម ដើម្បីឲ្យ ម្ចាស់កសិដ្ឋានមានលទ្ធភាពខ្ចីទុនបង្វិលសម្រាប់ពង្រីកអាជីវកម្ម ឬយកទៅដោះស្រាយក្នុងមុខរបររបស់ខ្លួន ក្នុងស្ថានភាពជួបវិបត្តិជំងឺកូវីដ១៩។ អ្នកយព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖……
ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិង កសិកម្ម ហៅកាត់ថា (ARDB) បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា កសិករក្នុងវិស័យកសិកម្មតូចតាចតាមគ្រួសារសហគមអាចខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក្នុងអត្រាការប្រាក់ត្រឹមតែ៥ភាគរយ ក្នុងរយៈពេល២ឆ្នាំសម្រាប់ទុនបង្វិល ហើយរយៈពេលនៃការសងមានរយៈពេលរហូតដល់៧ឆ្នាំ ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅពេលជួបវិបត្តិកូវីដ១៩។
ឯកឧត្តមបន្តថាពាក់ព័ន្ធនឹងទ្រព្យធានាឥណទានធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានផ្តល់ ជូនរហូតដល់៨០ភាគរយ នៃតម្លៃទ្រព្យធានាបំណុល ដែលជាអចលទ្រព្យ ហើយការទទួលយក ទ្រព្យធានាបំណុល ក៏មានភាពបត់បែនច្រើន ដោយទទួលយក ឧបករណ៍-គ្រឿងម៉ាស៊ីន, សន្និធិ, លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេង, វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដី និងអាគារ) ជាដើម ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងពេលមានវិបត្តិនេះ។
សំឡេង«កន្លងមកកាលវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើកទី២លើកទី៣ គឺអត្រាការប្រាក់របស់យើងដែលកំណត់នៅក្នុងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) គឺ៦ភាគរយក្នុងមួយឆ្នាំ បន្ទាប់មកទៀត៦ភាគរយកន្លះក្នុងមួយឆ្នាំ។ដល់វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើកទី៤បាន កំណត់ទំលាក់អត្រាការប្រាក់ថែមទៀត អញ្ចឹងទេធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មក៏បានទំលាក់ មកត្រឹម៥ភាគរយ ៥ភាគរយនេះសម្រាប់ទុនបង្វិលគេអាចប្រើប្រាស់រហូតដល់២ឆ្នាំ ។ ហើយសម្រាប់រយៈពេលហេតុអី កែទៅ៧ឆ្នាំនេះមានកំណត់នៅក្នុងវិធានការអន្តរាគមន៍ជុំទី៤របស់យើងដែរ ដែលរាជរដ្ឋាភិបាលបានកំណត់ថាដោយមើលឃើញបញ្ហាប្រឈមមួយចំនួនគួរពង្រីកការប្រើប្រាស់ឥណទានរហូតដក់៧ឆ្នាំ លើកមុនយើងប្រើតែ៥ឆ្នាំទេជុំទី៣ទី២ ។ អញ្ចឹងនេះជាការកំណត់ច្បាស់លាស់នៅក្នុងវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលតែម្តង » ។
ឯកឧត្តមបានបន្តថា អត្រាការប្រាក់កម្ចី៥ភាគរយនេះសម្រាប់ប្រព័ន្ធធនាគារគឺគ្មានការចំណេញទេ ដោយសារតែរាជរដ្ឋាភិបាលមើលឃើញពីទុក្ខលំបាក បងប្អូនប្រជាកសិករ អាជីវកម្មសហគ្រាសធុនតូចនិងមធ្យម ។ ឯកឧត្តមបន្តថា បច្ចុប្បន្ននេះធនាគារអភិវឌ្ឍជនបទ មានការដាក់ពាក្យស្នើរសុំក្នុងទំហំជាង៤៥លានដុល្លារ ដែលមានប្រមាណ៤៥០សហគ្រាស ប៉ុន្តែ នៅក្នុងនោះបានធ្វើការផ្តល់កម្ចីបានតែជាង១០លានដុល្លារ ស្មើនឹងជាង១០០ សហគ្រាស ។
សូមបញ្ជាក់ថា កាលពីថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបដើម្បីគាំទ្រដល់បងប្អូនប្រជាកសិករ បងប្អូនប្រជាសហគមន៍ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ ចញ្ចឹមត្រី និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងគោលដៅទ្រទ្រង់និរន្តភាព បង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតភាពក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លងកូវីដ១៩ ៕