រាជរដ្ឋាភិបាលកម្ពុជាបានជួយសង្គ្រោះពលករជាង១០ម៉ឺននាក់ក្នុងកំឡុងពេលជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោក ស៊ុន សំនៀង
ភ្នំពេញៈរាជរដ្ឋាភិបាលកម្ពុជាបានជួយសង្គ្រោះពលករជាង១០ម៉ឺននាក់ ខណៈដែលបណ្ដាប្រទេសគោលដៅកំពុងរឹតបន្តឹង ឬបិទប្រទេស ដើម្បីកាត់ទប់ស្កាត់ជំងឺកូវីដ-១៩។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩ មានពលករកម្ពុជាប្រមាណ ១០៣០០០នាក់ ក្នុងនោះមានស្ត្រីប្រមាណ ៤៥ភាគរយ ត្រូវបានអាជ្ញាធរជួយសង្គ្រោះ។
ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពី «កតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ ប្រកបដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ » នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ សម្តេចក្រឡាហោម បានបញ្ជាក់ថា អាជ្ញាធរបាននឹងកំពុងទទួលសង្គ្រោះពលករដែលត្រឡប់មកវិញដែលព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការ ដែលគេចវេះពីស្ថានភាពលំបាកក្នុងប្រទេសគោលដៅគឺជាកិច្ចការដ៏ចាំបាច់យ៉ាងខ្លាំងក្លាពីប្រទេសដើម និងប្រទេសគោលដៅ ។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ជនទេសន្តរប្រវេសន៍ភាគច្រើនដែលគ្មានជំនាញ និងមិនស្របច្បាប់ច្រើនស្ថិតនៅក្នុងស្ថានភាពលំបាក និងរងគ្រោះច្រើនជាងអ្នកដែលមានការបញ្ជូនដោយស្របច្បាប់។
ជនទេសន្តរប្រវេសន៍ដែលចាកចេញដោយប្រថុយប្រថានតែងត្រូវបានជនឆ្លៀតឱកាសកេងប្រវ័ញ្ចយកចំណេញពីស្ថានភាពទាល់ច្រករបស់អ្នកទាំងនោះ ដោយធ្វើការជួញដូរ រំលោភបំពាន តាមបែបទេសភាព ធ្វើឱ្យជនរងគ្រោះធ្លាក់ខ្លួនជាជនជរា ពិការ រង្វេងស្មារតី បាត់បង់ភាពជាមនុស្ស ឬរហូតដល់បាត់បង់ជីវិតថែមទៀតផងដែរ។
សូមជម្រាបថា ការជួយសង្គ្រោះពលករជាង១០ម៉ឺននាក់ក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ គឺស្របទៅនឹងកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺជាប្រកខណ្ឌទូលំទូលាយទីមួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តតាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល និងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨មានសមាជិកចូលរួមចំនួន១៥២ប្រទេស៕