ក្រសួងទេសចរណ៍គ្រោងបង្កើតកញ្ចប់ទេសចរណ៍ក្នុងស្រុកឱ្យច្រើន ដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ៣១ ០៧ ២០២០


MC: ក្រសួងទេសចរណ៍ គ្រោងបង្កើតកញ្ចប់ទេសចរណ៍ក្នុងស្រុកឱ្យកាន់តែច្រើន ក្នុងដំណាក់កាលកម្ពុជាកំពុងប៉ះពាល់សេដ្ឋកិច្ចពីការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីស្តារសេដ្ឋកិច្ចពីអាជីវកម្មផ្នែកនេះឱ្យងើបឡើងវិញ។
លោក ឈុន មករា អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍បាននិងកំពុងបង្កើនកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ផ្សេងៗគ្នា ដើម្បីរៀបចំឱ្យមាននូវកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសមួយ សម្រាប់ទាក់ទាញការចាប់អារម្មណ៍ពីទេសចរផ្ទៃក្នុងសម្រាប់គោលដៅកម្សាន្តនានាដូចជាទៅកាន់តំបន់ទេសចរណ៍ខេត្តសៀមរាប តំបន់ឆ្នេរសមុទ្រ តំបន់ភាគឦសាន្ត និងតំបន់ដែលមានសក្តានុពលផ្នែកអេកូទេចរណ៍ផ្សេងៗទៀត។
ថ្លែងក្នុងសន្និសីទផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចកម្សាន្តតម្លៃពិសេសទៅកាន់ខេត្តសៀមរាបនិងតំបន់ផ្សេងៗ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា លោកបានបញ្ជាក់ថា កញ្ចប់ទស្សនកិច្ចកម្សាន្តតម្លៃពិសេសសម្រាប់ទេសចរផ្ទៃក្នុងនេះ មានទាំងជាលក្ខណៈក្រុមគ្រួសារ និងដំណើរទស្សនកិច្ចរបស់សិស្ស និស្សិត ដោយភ្ជាប់ជាមួយ ដែលពួកគេអាចទទួលបានសេវាក្នុងកញ្ចប់តែមួយដូចជា ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ ការបម្រើម្ហូបអាហារ ការដឹកជញ្ជូន សេវាស្ទីមសូណា ការជិះកង់កម្សាន្ត ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅពីភ្នាក់ងារទេសចរណ៍។
សំឡេង៖ ដើម្បីឱ្យគាត់មានទឹកចិត្តដើរលេង………………………….កម្រនឹងជួយឱកាសនេះណាស់
សូមបញ្ជាក់ថា មកទល់ពេលនេះ មានក្រុមហ៊ុនបម្រើសេវាកម្មទេសចរណ៍ចំនួន៥ហើយ គឺមានដូចជា ក្រុមហ៊ុន វើលដ៍ អិចប្រេស ក្រុមហ៊ុន ម៉ាយ ត្រាវែល ក្រុមហ៊ុនទេសចរណ៍ ឆាមីង កម្ពុជា ក្រុមហ៊ុន ណែលីន ស្តារ ធួរ និងត្រាវែល និងក្រុមហ៊ុន ប៊ែលធី ទេសចរណ៍ ដែលបានចុះកិច្ចព្រមព្រៀមជាមួយក្រសួងទេសចរណ៍ បង្កើតកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ។
លោក ហូ វណ្ឌី ប្រធានក្រុមហ៊ុនទេសចរណ៍ វើលដ៍ អិចប្រេស បានឱ្យដឹងថា សម្រាប់គោលដៅដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋានអង្គរ ភ្ញៀវទេសចរអាចជ្រើសរើសកញ្ចប់សេវា៣ថ្ងៃ២យប់ ជាមួយតម្លៃ១៥៥ដុល្លារ ក្នុងម្នាក់ ដោយភ្ជាប់ជាមួយការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ ការបម្រើម្ហូបអាហារ៣ពេលក្នុងមួយថ្ងៃ និងទៅកម្សាន្តគ្រប់តំបន់ប្រាសាទបុរាណ ជាមួយនឹងការនាំផ្លូវ និងពណ៌នាពីមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ។
ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា បានធ្លាក់ចុះដល់៦៥ភាគរយ ខណៈការរំពឹងទុកមានចំនួនជាង១,២លាននាក់។ជា។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ កំណើនអវិជ្ជមាននេះ បានបណ្តាលមកពីជំងឺកូវីដ១៩ ដែលបានវាយលុកយ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាព សុខភាពសាធារណៈរបស់សកលលោកទាំងមូល និងបានទាញទម្លាក់សេដ្ឋកិច្ចជាសកល គិតចាប់ពីចុងឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន។
វិបត្តិនៃជំងឺឆ្លងរាតត្បាតនេះ បានធ្វើឱ្យកម្ពុជាបាត់បង់ប្រាក់ចំណូលយ៉ាងហោចប្រមាណជាង៣ពាន់លានដុល្លារអាមេរិក បន្ទាប់ពីដំណើរការអាជីវកម្មទេសចរណ៍បិទទ្វារជិត៣ពាន់ទីតាំង និងប៉ះពាល់ការងារដោយផ្ទាល់ជាង៤ម៉ឺន៥ពាន់នាក់៕