ក្រសួងព័ត៌មាន កំពុងពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ឲ្យរួចរាល់នៅពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៣០ កក្ដដា ២០២០


MC៖ ក្រសួងព័ត៌មាន កំពុងពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ឲ្យរួចរាល់នៅពេលឆាប់ៗនេះ ដើម្បីធានាឲ្យសាធារណជនគ្រប់រូបទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖……………..
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណកម្មការរៀបចំតាក់តែងសេចក្តីព្រាង ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បានមានប្រសាសន៍ថា ក្រុមការងារ រៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានគឺឯកភាពជាមួយគំនិតនិងមតិយោបល់ចុងក្រោយ ដែលបានលើកឡើងដោយក្រសួងយុត្តិធម៌ ដើម្បីពន្លឿនសេចក្តីព្រាងច្បាប់បានទៅគណៈរដ្ឋមន្រ្តីនាពេលឆាប់ៗនេះ។
ក្នុងកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ជាមួយក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា បន្ទាប់ពីច្បាប់នេះត្រូវ បានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ គឺមានតែក្រសួងព័ត៌មាន ដែលទទួលផ្សព្វផ្សាយ ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ បើមិនដូច្នេះនឹងមានកាច្របូកច្របល់ ខុសនិតិវិធី បែបបទរដ្ឋបាល ។ ក្នុងនោះតំណាងអង្គការ UNESCO ប្រចាំកម្ពុជា ដែលបានចូលរួមធ្វើពង្រាងសេចក្តីព្រាងច្បាប់នេះ បានឯកភាពរួចហើយ តែប្រធានក្រោយ មកកាន់ការងារថ្មីបែរជាសើរើឡើងវិញទាំងអស់ ប្រការនេះមិនត្រឹមនោះទេ។
ឯកឧត្តម មាស សុភ័ណ្ឌអនុរដ្ឋលេខាធិការ និងជាប្រធាន អនុគណកម្មការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននៃក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា ទាក់ទងទៅនិងដំណើរការកិច្ចពិភាក្សានៃកិច្ចប្រជុំចុងក្រោយសម្រាប់សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាននេះ គឺដើម្បីពន្លឿន និងពិនិត្យមើលចុងក្រោយទៅលើចំណុចមួយចំនួន ដោយសារតែនៅក្នុងពេលថ្មីៗនេះក្រសួងទទួលបាននូវសេចក្ដីជូនដំណឹងថ្មីមួយរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីពាក់ព័ន្ធទៅនឹងការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់។ ដូច្នេះហើយយើងត្រូវតែពិនិត្យពិភាក្សានៅក្នុងកម្រិតក្រុមការងារ ដែលមានឯកឧត្តមរដ្ឋមន្ត្រីលោកជាប្រធានគណៈកម្មការ ដើម្បីសុំការដឹកនាំនៅក្នុងការកែសម្រួលទម្រង់នៃសេចក្ដី ព្រាងច្បាប់នេះឲ្យស្របទៅនឹងគោលការណ៍ណែនាំថ្មីរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី។
សំឡេង៖ «ឥឡូវនេះក្រសួងព័ត៌មានយើងកំពុងខិតខំហើយ។ ឯកឧត្តម រដ្ឋមន្ត្រី លោកបានបង្ហាញឆន្ទៈយ៉ាងមុតមាំថាសេចក្ដីព្រាងច្បាប់នេះ ក្រោយពីកិច្ចប្រជុំនេះទៅក្រុមការងារត្រូវតែពន្លឿនឲ្យបានលឿនបំផុត ហើយនឹងត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីនៅក្នុងពេលដ៏ខ្លីខាងមុខនេះតែម្ដង»។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីស្តីពីសិទ្ធិទទួលព័ត៌មាន ដែលក្រសួងព័ត៌មាន ជាអ្នកធ្វើពង្រាង គឺមាន១០ ជំពូក ចែកចេញជា ៣៥ មាត្រា ហើយច្បាប់នេះ បានកំណត់អំពីសិទ្ធិ និងកាព្វកិច្ចនៃការទទួល និងផ្តល់ព័ត៌មាន ព័ត៌មានសម្ងាត់ និងកិច្ចការពារអ្នកផ្តល់ព័ត៌មាន ៕