ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រួយបារម្ភអំពីការរំលោភបទឈប់បាញ់នៅយេម៉ែន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០​ — នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំខែរបស់ខ្លួនអំពីប្រទេសនៅមជ្ឈិមបូព៌ា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភ ចំពោះការរំលោភបំពានទៅលើបទឈប់បាញ់គ្នានៅក្នុងប្រទេសយេម៉ែន ។

លោក Martin Griffiths ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅ យេម៉ែនបាននិយាយថា ការវាយប្រហារទៅលើគោលដៅស៊ីវិលនៅយេម៉ែនបានឆក់យកអាយុជីវិតមនុស្សជាច្រើន នឹងបានរារាំងដល់បេសកកម្មរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រដល់កិច្ចព្រមព្រៀង Hodeidah (UNMHA) ពីការបំពេញភារកិច្ចរបស់ខ្លួន។

ដោយកត់សម្គាល់អំពីផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃជម្លោះ លោកបានចង្អុលបង្ហាញអំពីការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ ហានិភ័យនៃទុនបម្រុងប្តូរប្រាក់បរទេសដែលកំពុងដំណើរការ និងការកាត់បន្ថយប្រាក់ខែ មន្ត្រីរាជការដោយលោកបាននិយាយបន្ថែមថា ការត្រួតពិនិត្យច្រកចូលរបស់នាវាចូលទៅក្នុងកំពង់ផែ Hudaydah មិនត្រូវបានគេបន្ធូរបន្ថយនោះទេ ដូច្នេះជាហេតុធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនទំនិញចាំបាច់ក្នុងការផ្គត់ផ្គង់វេជ្ជសាស្ត្រ និងជំនួយមនុស្សធម៌។

ទន្ទឹមនឹងនេះដែរ អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលគ្រាអាសន្នលោក Mark Lowcock បានកត់សម្គាល់អំពីវិបត្តិមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺនទៅៗនៅក្នុងប្រទេសយេម៉ែន ជាពិសេសចំពេលដែលកំពុងមានការវិវឌ្ឍដែលមិនអាចទាយទុកជាមុនបានកាន់តែខ្លាំងឡើងនៃជំងឺកូវីដ-១៩ និងកង្វះតម្លាភាពនៃព័ត៌មានអំពីករណីឆ្លងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុម Houthis ។

លោកបានសម្តែងការព្រួយបារម្ភអំពីការរំលោភបំពានក្នុងកិច្ចការពារជនស៊ីវិល និងហានិភ័យធ្ងន់ធ្ងរនៃអសន្តិសុខស្បៀងអាហារដែលជាលទ្ធផលនៃការកាត់បន្ថយយ៉ាងខ្លាំងនៃការបរិច្ចាគរបស់អ្នកឧបត្ថម្ភនៅក្នុងឆ្នាំនេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះវិភាគទានហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះផងដែរ។

ទាំងលោក Griffiths និងលោក Lowkock បានជំរុញឱ្យភាគីនានានៅយេម៉ែនបន្តអនុវត្តតាមបទឈប់បាញ់គ្នា ការការពារដល់ស្ត្រី និងកុមារ និងធានាឱ្យមានការចូលរួមរបស់ស្ត្រីនៅក្នុងដំណើរការនយោបាយ។

ពួកគេបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិនឹងបន្តដើរតួនាទីជាអន្តរការីដើម្បីធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងការពន្លឿនកិច្ចចរចាដើម្បីឆាប់ទទួលបានបទឈប់បាញ់គ្នានៅទូទាំងប្រទេសក្នុងពេលឆាប់ៗនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)