អធិការស្រុកកូនមុំខេត្តរតនគិរីប្រកាសឲ្យប្រជាពលរដ្ឋនៅតាមដងទន្លេត្រៀមបង្ការខ្លួនពីគ្រោះទឹកជំនន់

វិទ្យុជាតិកម្ពុជាៈ ហាន់ ស្រីណា ៣០. ០៧.២០


MC៖អធិការស្រុកកូនមុំខេត្តរតនគិរីប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេត្រៀមបង្ការខ្លួនពីគ្រោះទឹកជំនន់ដើម្បីធានាបានសុវត្ថិភាពទាំងអាយុជីវិតនិង ទ្រព្យសម្បត្តិ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៏……….
លោក វរសេនីយ៍ឯក ភោគ បូរិន្ទ អធិការនគរបាលស្រុកកូនមុំខេត្តរតនគិរីបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថាជារៀងរាល់ឆ្នាំទឹកជំនន់ចាប់ផ្តើមហក់ឡើងខ្លាំងចាប់ពីចន្លោះខែកញ្ញាទៅខែតុលាហើយអាជ្ញាធរស្រុកតែងតែចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេឲ្យចេះវិធីការពារខ្លួនជាមុនដើម្បីជៀសផុសពីហានិភ័យផ្សេងៗដែលកើតឡើងដោយជាយថាហេតុ។
លោកវរសេនីយ៍ឯកបន្តថា ថ្មីៗនេះមន្ត្រីជំនាញក៏បានចុះផ្សព្វផ្សាយដល់លំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់តាមបណ្តោយទន្លេសេសាន និង ទន្លេស្រែពកដែលជាតំបន់ងាយរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមក ត្រូវទុកដាក់សំភារៈដែលងាយស្រួលលើកទុកអោយខ្ពស់ផុតពីទឹក ហើយរកទីទួលសុវត្ថិភាព ទុកដាក់សម្ភារដែលមានសភាពធ្ងន់ៗដូចជា ម៉ូតូ ឡាន គោយន្ត និងសត្វពាហនៈជាដើមហើយត្រូវត្រៀមទូកទុកសម្រាប់ចំលងទៅរកទីទួលសុវត្ថិភាព។លើសពីនោះក៏មានមន្ត្រីជំនាញចាំវាស់កម្រិតកំពស់ទឹកផងដែរដើម្បីផ្ដល់ព័ត៌មានពីស្ថានភាពកម្រិតទឹកគួរប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋ។
លោកបន្តថាការចុះផ្សព្វផ្សាយផ្ដល់ព័ត៌មានទាក់ទងនឹងគ្រោះទឹកជំនន់ជូនដល់ប្រជាពលរដ្ឋនេះគឺជាការរំលឹកដល់ប្រជាពលរដ្ឋកុំអោយភ្លេចខ្លួនពីគ្រោះធម្មជាតិដែលប្រជាពលរដ្ឋតែងតែងជួបប្រទះកន្លងមកនេះ ក្នុងន័យធ្វើយ៉ាងណាការពារកុំអោយបាត់បង់នូវទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ពួកគាត់។
សំឡេងៈ« ជាពិសេសតាមបណ្ដោយទន្លេដែលធ្លាប់តែជន់លិចកន្លងមកគឺនៅរដូវវស្សាចូលមកឲ្យគាត់ចេះផលិតនូវសម្ភារណាដែលអាចងាយស្រួលយកចេញឱ្យគាត់លើកដាក់ខ្ពស់ទៅលើដំបូលឬកន្លែងសុវត្ថិភាពរបស់ពួកគាត់ហើយហ្នឹងឱ្យប៉ុស្តិ៍នៅពេលដែលទឹកឡើងបន្តិចម្ដងបន្តិចម្ដងឲ្យប៉ុស្តិ៍នគរបាលមន្រ្តីជំនាញ ឬក៏ប្រជាជនល្អឲ្យគាត់ជួយឃ្លាំមើលទឹកនិងធ្វើការវាស់ទឹកនៅពេលភ្លៀងននៅរយៈកំណើន ទឹកមួយយប់បានកំពស់ប៉ុន្មានមួយយប់កំពស់បានប៉ុន្មានដើម្បីយើងព្យាករណ៍គិតគ្រោងទុកជាមុនដើម្បីយើងត្រៀមសម្ភារមធ្យោបាយនិងកំលាំងសរុបទៅជួយសង្គ្រោះពួកគាត់ជាបន្ទាន់»។
គួរបញ្ជាក់ថា ស្រុកកូនមុំកាលពីឆ្នាំ២០១៩កន្លងទៅ ទឹកជំនន់លិច ៣ឃុំ ស្មើនឹង ៦ភូមិ ប៉ះពាល់ប្រជាពលរដ្ឋ ៦៩៦គ្រួសារ ស្មើនឹងមនុស្ស ២៤៣៥នាក់ ស្រែ ១១៦៦ហិកតា សណ្តែកសៀង ៧៩ហិកតា ស្វាយចន្ទី ៦៤ហិកតា ពោត ២ហិកតា និងដំណាំរួមផ្សំ ២ហិកតា។ ដោយឡែកអាជ្ញាធរមូលដ្ឋាន បានរៀបចំទីទួលសុវត្ថិភាព និងធ្វើការជម្លៀសប្រជាពលរដ្ឋ ព្រមទាំង សត្វពាហនៈបានដោយជោគជ័យ៕