ប្រទេសរុស្ស៊ីចង់ក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ក្នុងការអនុម័តវ៉ាក់សាំងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០​ — ទូរទស្សន៍ CNN បានដកស្រង់សំដីរបស់មន្ត្រីរុស្ស៊ី ដែលរួមទាំងប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) លោក Kirill Dmitriev ដែលបាននិយាយថា ប្រទេសរុស្ស៊ីមានបំណងចង់ក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលមានវ៉ាក់សាំងការពារមេរោគកូរ៉ូណាវីរុស។

បណ្តាញទូរទស្សន៍អាម៉េរិកមួយនេះបាននិយាយថា មន្ត្រីរុស្ស៊ីបានប្រាប់ CNN ថា «ពួកគេកំពុងធ្វើការរហូតដល់កាលបរិច្ឆេទនៅថ្ងៃទី១០ ខែសីហា ឬមុននេះ សម្រាប់ការអនុម័តទៅលើវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានហ្គាម៉ាឡេយ៉ា ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ»។

លោក Dmitriev ត្រូវបានដកស្រង់សម្តីដែលបាននិយាយថា «ជនជាតិអាម៉េរិកមានការភ្ញាក់ផ្អើលនៅពេលពួកគេបានឮដំណឹងពីទីភ្នាក់ងារសារព័ត៌មាន Sputnik ។ គេមានវ៉ាក់សាំងដូចគ្នានឹងវ៉ាក់សាំងនេះដែរ។ ប្រទេសរុស្ស៊ីនឹងទទួលបានវ៉ាក់សាំងនោះមុនគេ។ អ្នកវិទ្យាសាស្ត្ររបស់យើងមិនបានផ្តោតសំខាន់ទៅលើការទទួលបានវ៉ាក់សាំងមុនគេទេ ប៉ុន្តែយើងផ្តោតសំខាន់ទៅលើការការពារអាយុជីវិតមនុស្ស»។

សេវាកម្មសារព័ត៌មានរបស់ក្រសួងសុខាភិបាលរុស្ស៊ីបាននិយាយកាលថា ដំណាក់កាលទី ២ នៃការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិផ្នែករោគរាតត្បាត និងមីក្រូជីវសាស្រ្តជិតដល់ហើយ។ ការចុះបញ្ជីរបស់វ៉ាក់សាំងនេះនឹងត្រូវធ្វើឡើងបន្ទាប់ពីការធ្វើ តេស្តត្រូវបានបញ្ចប់រួចរាល់៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)