ទីក្រុងប៉ារីសនឹងមិនទទួលយកកិច្ចព្រមព្រៀង Brexit ទេ ទោះក្នុងតម្លៃណាក៏ដោយ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០​ — ប្រធានអ្នកចរចារបស់សហភាពអ៊ឺរ៉ុប លោក Michel Barnier បាននិយាយកាលពីសប្តាហ៍មុនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងចក្រភពអង់គ្លេស «គឺមិនទំនងទេ» ពីព្រោះទីក្រុងឡុងដ៍មិនបានបង្ហាញអំពីកម្រិតនៃការចូលរួមសមស្របនៅក្នុងកិច្ចចរចា Brexit ។

លោក Clement Beaune រដ្ឋមន្រ្តីក្រសួងកិច្ចការអឺរ៉ុបរបស់បារាំងបានប្រាប់វិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃពុធថា ប្រទេសបារាំងនឹងមិនទទួលយកកិច្ចព្រមព្រៀង Brexit ទេ «ទោះក្នុងតម្លៃណាមួយក៏ដោយ» ប៉ុន្តែការឈានដល់កិច្ចព្រមព្រៀងនៅតែជាលទ្ធផលដែលអាចទទួលយកបានសម្រាប់គ្រប់ភាគីពាក់ព័ន្ធ។

កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសបានចាប់ផ្តើមបើកកិច្ចពិភាក្សាជាផ្លូវការ ស្តីពីអនាគតទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសអ៊ីស្លង់ ប្រទេស Liechtenstein ប្រទេសន័រវែស និងប្រទេសស្វីស បន្ទាប់ពីបានចាកចេញពីសហភាពអឺរ៉ុប។ ប្រទេសទាំងបួនជាសមាជិករបស់សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ដែលផ្តល់សិទ្ធិដល់ពួកគេក្នុងការចូលទៅកាន់ទីផ្សារអឺរ៉ុបតែមួយ។

ប្រធានអ្នកចរចារបស់សហភាពអឺរ៉ុប លោក Michel Barnier បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនថា ទីក្រុងឡុងដ៍ និងទីក្រុងប៊្រុចសែល ទំនងជាមិនអាចឈានដល់កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគតរបស់ពួកគេនោះទេ ដោយលើកឡើងអំពីការបដិសេធរបស់ចក្រភពអង់គ្លេសក្នុងការយល់ព្រមបើកការប្រកួតប្រជែងដោយបើកចំហ និងយុត្តិធម៌។

លោកបាននិយាយបន្ថែមថា ទីក្រុងប្រ៊ុចសែលចង់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយទីក្រុងឡុងដ៏ដោយគ្មានពន្ធ និងកូតា ប៉ុន្តែកិច្ចព្រមព្រៀងទាំងនោះអាចត្រូវបានផ្តល់ជូនវិញប្រសិនបើគ្មានមធ្យោបាយណាមួយត្រូវបានធ្វើឡើងនៅក្នុងខែតុលាខាងមុខ។

ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែមករា និងមានពេលរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុកនេះ ដែលនឹងចូលជាធរមានបន្ទាប់ពីរយៈពេលអន្តរកាលបញ្ចប់៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)