ប្រជាពលរដ្ឋនៅឃុំតាឡាតស្រុកសេសានឹងមានមណ្ឌលសុខភាពប្រចាំមូលដ្ឋាននៅចុងឆ្នាំនេះ

វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង៣០ ០៧ ២០២០


MC៖ ប្រជាពលរដ្ឋនៅឃុំតាឡាតនិងមួយចំនួនទៀតនៅឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង នឹងមានមណ្ឌលសុខភាព សម្រាប់ទទួលបំរើសេវាសុខាភិបាលសាធារណនៅចុងឆ្នាំ២០២០នេះដោយមិនពិបាកទៅរកសេវាសុខាភិបាលឆ្ងាយទៀតទេ។
អ្នកយកព័ត៌មានយើងប្រចាំខេត្តស្ទឹងត្រែងធ្វើសេចក្តីរាយការណ៍៖
ក្នុងឱកាសចុះពិនិត្យ សកម្មភាពសាងសង់មណ្ឌលសុខភាពនៅឃុំតាឡាត លោកវេជ្ជបណ្ឌិតទនវុទ្ធីអនុប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា៖បច្ចុប្បន្នក្រុមការងារបានសាងសង់មណ្ឌលសុខភាពនៅឃុំតាឡាតបានជាង៩០ភាគរយហើយ ។ ហើយមន្ទីរសុខាភិបាលនិងអាចរៀបចំដាក់ឱ្យដំណើរការនៅមុនពេលពិធីសម្ពោធ ព្រោះមន្ទីរបានត្រៀមលក្ខណៈរួចរាល់ដូចជា ធនធានមនុស្ស- ថ្នាំពេទ្យ -និងឧបករណ៍ប្រើប្រាស់ផ្សេងៗ មានរួចរាល់ហើយដែរ ។
លោកវេជ្ជបណ្ឌិតបន្តថា៖ក្រុមការងារនឹងពន្លឿនការរៀបចំឱ្យដំណើរការបាន នៅក្នុងខែកញ្ញាឆ្នាំ២០២០ខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់ប្រជាពលរដ្ឋនៅតាមទីជនបទមកទទួលសេវា ដូចជាបងប្អូន ប្រជាពលរដ្ឋយើង នៅឃុំតាឡាត និងឃុំក្បាលរមាសជាដើម។
លោកសុវណ្ណពិសេដ្ឋអភិបាលស្រុកសេសានបានលើកឡើងថា៖មណ្ឌលសុខភាពនេះនឹងបានជួយប្រជាពលរដ្ឋឱ្យចៀសផុតពីក្តីបារម្ភនៅពេលឈឺថ្កាត់ ស្ត្រីឈឺពោះឆ្លងទន្លេ ឬកូនតូចៗកើតជម្ងឺរាករុស ក្តៅខ្លួន ជាដើម ដោយមិនពិបាកទៅរកសេវាឆ្ងាយទៀតទេ(សម្លេង)…………………….។
លោកចាន់ផល្លី ប្រជាពលរដ្ឋនៅឃុំតាឡាត សង្ឃឹមថាការដាក់ឲ្យដំណើរការមណ្ឌលសុខភាពនេះនឹងបង្កលក្ខណៈងាយស្រួលជាច្រើនដល់ប្រជាពលរដ្ឋដោយកាត់បន្ថយបានពីការទៅទទួលសេវាខាងក្រៅដែលគ្មានជំនាញច្បាស់លាស់នាំឱ្យបង្កគ្រោះថ្នាក់ផ្នែកសុខភាព(សម្លេង)………………………….។

សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាលបានផ្តល់ មណ្ឌលសុខភាព ដែលកំពុងសាងសង់ នៅខេត្តស្ទឹងត្រែង មានចំនួន៣ ក្នុងនោះ ទី១នៅភូមិត្បូងខ្លាឃុំអូរម្រះក្នុងស្រុកសៀមបូក- ទី២នៅភូមិវាដេញឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ និងទី៣នៅភូមិខ្សាច់ថ្មីតូច ឃុំតាឡាតក្នុងស្រុកសេសានសាងសង់បានជិតរួចរាល់ហើយ។